រដ្ឋបាលខេត្ត​ស្វាយរៀង​ច្រានចោល​ព័ត៌មាន​ដែលថា មាន​អ្នក​លួច​កាប់​ដើម​ធ្នង់​មួយ​ដើម​នៅ​សាលាខេត្ត​ស្វាយរៀង​មានតម្លៃ​រហូត​ជិត​១​លាន​ដុល្លា​?

1103
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ក្រោយពី​មានការ​ចុះផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​គេហទំព័រ ក្នុងស្រុក​មួយចំនួន​ធ្វើការ​ចុះផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ រហូតដល់​អ្នកលេង​បណ្តាញ​សង្គម Facebook បាននាំគ្នា​ធ្វើការ​ចែករំលែក និង​ធ្វើការ comment យ៉ាង​ភ្លូកទឹកភ្លូកដី​ថា មាន​អ្នក​លួច​កាប់​ដើម​ធ្នង់​មួយ​ដើម​នៅក្នុង​បរិវេណ​សាលាខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៨ ដែល​ត្រូវជា​ថ្ងៃ ស មុន​ថ្ងៃ​បោះឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៦​នោះ នៅ​ព្រឹក​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៨​នេះ រដ្ឋបាលខេត្ត​ស្វាយរៀង​បានចេញ​នូវ​សេចក្តីបំភ្លឺ ជុំវិញ​ករណី​ខាងលើនេះ តាមរយៈ​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង ដើម្បីឱ្យ​សាធារណជន​បាន​ជ្រួតជ្រាប​។​

​ការបំភ្លឺ​ករណី​កាប់​ដើមឈើ ១​ដើម ប្រភេទ​ដើម​ធ្នង់ ក្នុង​បរិវេណ​សាលាខេត្ត​ស្វាយរៀង រដ្ឋបាលខេត្ត​ស្វាយរៀង មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា នាពេល​កន្លងមកនេះ ដោយ​យោងតាម​ការស្នើសុំ​របស់​មន្ត្រីរាជការ​សាលាខេត្ត និង​បាន​ពិនិត្យឃើញថា​ដើមឈើ ១​ដើម ជា​ប្រភេទ​ដើម​ធ្នង់ ដែល​បាន​ដាំ​នៅពេល​រៀបចំ​អគារ​សាលាខេត្ត (​មាន​អាយុកាល​ប្រមាណ​ជា ៥០​ឆ្នាំ ទៅ​៦០​ឆ្នាំ មិនមែន ២០០​ឆ្នាំ​នោះទេ​) ស្ថិតក្នុង​បរិវេណ​សាលាខេត្ត​ស្វាយរៀង មាន​សភាព​ចាស់ ពុកផុយ និង​ងាប់​ជ្រុះ​ស្លឹក ដែល​អាច​នឹង​បាក់ ឬ​ដួលរលំ ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​បក់​ខ្លាំង បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ និង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ម​ន្ត្រី​រាជការ​បម្រើការ​ងា​រ​នៅក្នុង​សាលាខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​មក​ទទួល​សេវា រដ្ឋបាលខេត្ត​ស្វាយរៀង បានសម្រេច​ធ្វើការ​កាប់​ផ្ដួល​ដើមឈើ​នេះ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ (​មិនមែន​ថ្ងៃ ស មុន​បោះឆ្នោត ១​ថ្ងៃ​នោះទេ​) គឺ​ពុំមាន​ចោរ​ណា​លួច​ចូល​កាប់​នោះឡើយ ។​

​ចំពោះ ចំណែក​នៃ​ដើមឈើ​នេះ ស្ទើរតែ​ទាំងស្រុង​គឺមាន​សភាព​ពុកផុយ និង​ប្រហោង​ក្នុង ពោល​មាន​ប្រមាណ​តែ ៤០%​ប៉ុណ្ណោះ ដែល​នៅ​អាច​ប្រើប្រាស់​បាន ហើយ​រដ្ឋបាលខេត្ត​បាន​រក្សាទុក​សម្រាប់​កែច្នៃ​ជា​តុ កៅអី និង​គ្រឿង​សង្ហា​រឹម​ផ្សេងទៀត​តាម​ការជាក់ស្ដែង​បម្រើ​ឲ្យ​ការប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅក្នុង​សាលាខេត្ត ។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូមកុំ​មានការ​ភ័ន្តច្រឡំ​ដូច​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ដែលមាន​លក្ខណៈ​ញុះញង់ បំភ្លៃ និង​បំប៉ោង​ព័ត៌មាន​៕