រដ្ឋបាលខេត្ត​ស្វាយរៀង​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ

977
ចែករម្លែក

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក​ជុំ​ហាត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ ” ព្រះ​បរម​រតន​កោដ្ឋ ” គម្រប់​ខួប​៦​ឆ្នាំ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្នងការ​នគរបាល មេបញ្ជាការ បញ្ជាការ​ង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង ប្រមាណ​ចំនួន​៦០០​នាក់​។​

​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​ចាត់ទុកជា​អង្គ​ព្រះមហាក្សត្រ​និង​ជា​មហាវីរក្សត្រ​ខ្មែរ​ដែល​បាន​លះបង់​ព្រះកាយពល​និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ជាពិសេស​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ ពី​ប្រទេស​បារាំង​នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​គឺជា​គម្រប់​៦​ឆ្នាំ​ហើយ​ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ​សម្តេចព្រះ​នរោត្តម​សីហនុ​បាន​យាង​សោយ​ទិវង្គត​ចាកចោល​ប្រជារាស្ត្រ​និង​ដែនដី​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ជា​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​

​ក្រោយពី​ការបូជា​ទៀនធូប​ថ្វាយ​នៅ​ចំពោះមុខ​ព្រះ​ឆ័​យ្យលៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ​និង​ការគោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ត របស់​ព្រះ​បរម​រតន​កោដ្ឋ ដោយបាន​ធ្វើការ​ស្មឹង​ស្មា​ត ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​របស់ ព្រះអង្គ​ទ្រង់ សូម​ទ្រង់​បាន​យាង​ទៅកាន់​ព្រះ​បរម​សុគតិភព ឲ្យ​បាន​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ បន្ទាប់មក​ព្រះសង្ឃ​ក៏បាន​សូត្រធម៌​ចម្រើន​ព្រះ​បរិត្ត​ឧទ្ទិស​ថ្វាយ​ព្រះអង្គ​ផងដែរ​៕S/​

រដ្ឋបាលខេត្ត​ស្វាយរៀង​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ