រដ្ឋបាលខេត្ត​ស្វាយរៀង​ពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សារ​ធា​រណការ និង​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការ​អភិវឌ្ឍ​ក្រុង​បាវិត​

157
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត នា​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​លើ​ការងារ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការ​អភិវឌ្ឍ​ក្រុង​បាវិត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន លោក​អភិបាលរ​រង​ក្រុង​បាវិត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកនាយ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោកនាយក​ទីចាត់ការ និង​ផែនការ​វិនិយោគ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​តំណាង​ប្រតិភូ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​

​កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​ទៅលើ​ការងារ​រៀបចំ​សិក្សា​អំពី​គំរោង និង​ប្លង់គោល​ដើម្បី​អភិវឌ្ឍន៍​ជា​ជំហានៗ នៅក្នុង​ក្រុង​បាវិត​មានដូចជា វិស័យ​គមនាគមន៍​, វិស័យ​ទឹកស្អាត​, ប្រព័ន្ធ​លូបង្ហូរទឹក​, អាង​ចម្រោះ​ទឹក​កខ្វក់​(​អាង​ប្រព្រឹត្តិកម្ម​) ,​ការកែច្នៃ​សំរាម​កាកសំណល់​រឹង​រាវ​ជាដើម​។​

​ក្នុងនាម​លោក​អភិបាលខេត្ត​ស្វាយរៀង លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ប្រតិភូ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ដែល​បាន​យក​ក្រុង​បាវិត​ជា​គោលដៅ​ក្នុង ការសិក្សា​គម្រោង​ទៅលើ​វិស័យ​មួយចំនួន ដើម្បី​ប្រែក្លាយ​ឱ្យ​ក្រុង​មួយ​នេះ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​បន្ថែមទៀត ជាមួយនេះ​រដ្ឋបាលខេត្ត​ស្វាយរៀង អង្គភាព​ពាក់ព័ន្ធ និង​សហការ​ជានិច្ច​ដើម្បីឱ្យ​គម្រោង​មួយ​នេះ​ទទួលបាន​ជោគជ័យ​៕ ល​