រដ្ឋបាល​ក្រុង​កំពត​នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​អាជីវករ​ដែល​បំពាន​ផ្លូវ​ថ្មើរជើង​

783
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ក្នុងករណី​អាជីវក​រណា​ម្នាក់​នៅតែ​បន្ត​បំពាន​ចិញ្ចើមផ្លូវ​ដែលជា​ចំណែក​សម្រាប់​អ្នក​ថ្មើរជើង​នោះ​រដ្ឋបាល​ក្រុង​កំពត​នឹង​ចាត់វិធានការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើកលែង​ទៀតឡើយ​។​

ក្នុង​យុទ្ធនាការ​ម្អា​ត និង​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា​ឆ្នាំ​២០១៩​លោក​លាង​រឿន​សុធី​អភិបាលក្រុង​កំពត​បាន​មានប្រសាសន៍ថា​រដ្ឋបាល​ក្រុង​តែង​យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​បញ្ហា​អនាម័យ សណ្តាប់ធ្នាប់​តាម​ទីសាធារណៈ​។

​កន្លងមក​មន្ត្រី​ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​តែង​ចុះ​ណែនាំ​និង​តម្រូវ​ដល់​អាជីវករ​ដែល​លក់ទំនិញ​ក្បែរផ្លូវ​ត្រូវ​រៀបចំ​ទុកដាក់​ឱ្យមាន​សណ្តាប់ធ្នាប់​ពិសេស​បញ្ចៀស​ពី​ការបំពាន​ចិញ្ចើមផ្លូវ​ចំណែក​សម្រាប់​អ្នក​ថ្មើរជើង​។​

លោក​អភិបាលក្រុង​បាន​បន្តថា​ដូច​ករណី​ស្ប៉ត​អប់រំ​មួយ​និយាយ​អំពី​ការបាត់​បង់ជីវិត​រប​ស់​សិស្សសាលា​ម្នាក់​ព្រោះតែ​ដើរ​លើផ្លូវ​ហើយ​ត្រូវ​រថយន្តបុក​ដោយសារ​អ្នកលក់ដូរ​ដាក់តាំង​ទំនិញ​នៅ​ចំណែក​ផ្លូវ​ថ្មើរជើង​នោះ​។​

​ផ្តោតលើ​ទិដ្ឋភាព​នោះ​រដ្ឋបាល​ក្រុង​មិន​ចង់​មាន​វិប្បដិសារី​ព្រោះតែ​ការធ្វេសប្រហែស​របស់​អា​ជីវ​ករ និង​អាជ្ញា​រធរ​មូលដ្ឋាន​ជុំ​វី​ញ​ភាពអវិជ្ជមាន​ទាំងនេះ​ទេ​។​ដូច្នេះ​រដ្ឋបាល​ក្រុង​នឹងមិន​អត់ឱន​តទៅទៀត​ឡើយ​គឺ​បើ​អាជីវក​រណា​ម្នាក់​នៅតែ​បន្ត​បំពាន​ចិញ្ចើមផ្លូវ​ដែលជា​ចំណែក​សម្រាប់​អ្នក​ថ្មើរជើង​ដូច​ក្រុមការងារ​បាន​បាញ់ថ្នាំ​ពណ៌​នេះ​ស្រាប់​រដ្ឋបាល​ក្រុង​នឹង​ចាត់វិធានការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕S/