រដ្ឋបាល​ក្រុង​បើក​កិច្ចប្រជុំ​ស្តីពី​ព័ត៌មាន​មិន​ជាក់លាក់​ទាក់ទិន​នឹង​វីរុស​កូ​វីដ​១៩

66
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​សំរោង​លោក​អ៊ុន​សុ​ភ័​ក្រ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ស្រាវជ្រាវ​រក​ការពិត​នៃ​ការផ្សាយ​សារ​សំឡេង​តាម​បណ្តាញ​សង្គម​មួយ​ដែល​បាន​បង្ក​ធ្វើឱ្យមាន​ការយល់ច្រឡំ​ថា​លើ​ស្ថានភាព​វីរុស​កូ​វីដ​១៩​ថា​កើតមាន​នៅក្នុង​ក្រុង​សំរោង​នាពេល​ថ្មីៗ​នេះ​។​

​ប្រជុំ​ពិសេស​បន្ទាន់​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ ក្នុង​ខ្លឹមសារ​លើកឡើង គឺ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មានការ​ចែកចាយ​ព័ត៌មាន តាម​បណ្ដាញ​សង្គម​នៅ​សារ​សម្លេង (Messenger)​អំពី​ករណី​បាន​រកឃើញ អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ កើតមាន​នៅក្នុង​ក្រុង​សំរោង​។​

អាជ្ញាធរ​ក្រុង​និង​សមត្ថកិច្ច​ក្រោយ​ការស្រាវជ្រាវ​និង​ការសាកសួរ​ទៅលើ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​បាន​ពិនិត្យឃើញថា​៖​ព័ត៌មាន​ដែល​ទទួលបាន​គឺជា​ព័ត៌មាន​ដែលមាន​ភាពមិនច្បាស់លាស់​ហើយ​បង្កឱ្យមាន​ការភ័ន្តច្រឡំ​។​ករណីនេះ​រដ្ឋបាល​ក្រុង​បាន​ចាត់វិធានការ​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ចេញមុខ​សុំទោស​និង​បកស្រាយ​ជា​សាធារណៈ ដើម្បី​ជៀសវាង ការបង្ក​ភាពចលាចល ច្របូកច្របល់ និង​បានធ្វើ កិច្ចសន្យា​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​តាម​ការបញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​គឺ​ពុំទាន់​មាន​ករណី​ជំងឺ​កូ​វីដ​១៩ កើតឡើង​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅឡើយ​ទេ​។ ជាមួយគ្នានេះ សូម​អំពាវនាវ​យ៉ាងទទូច​ចំពោះ ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណជន​ទូទៅ​មេត្តា​ផ្ដល់​និង​បញ្ចេញ​ព័ត៌មាន​ពិត​ជាក់លាក់​និង​ត្រឹមត្រូវ​។​ជៀសវាង​បង្កឱ្យមាន​ភាពចលាចល​ច្របូកច្របល់​និង​ប្រឈម​នឹង​ការ​ទទួលរង​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​៕S/​