រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បន្ត​ហាម​រថយន្ត​ធុន​ធំធ្វើ​ចរាចរ​លើផ្លូវ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

506

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាល​ក្រុង​ប៉ោយប៉ែត មិនទាន់​ដក​ប្រកាសអាសន្ន និង​ហាម​រថយន្ត​ធុន​ធំ​ធ្វើចរាចរ​លើផ្លូវ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ប៉ុន្តែ​ថ្ងៃ​មកនេះ ព្រោះ​បារម្ភ​ការផ្ទុក​ធ្ងន់ នៃ​រថយន្ត​ទាំងនោះ បង្ក​ខូចខាត​ផ្លូវ​ជាយថាហេតុ​។​

​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែកញ្ញា​នេះ​ថា ការមិន​ដក​ប្រកាសអាសន្ន ឬ​បំរាម​នេះ មកពី​ស្ថានភាព​ទឹកភ្លៀង​ជាច្រើន​មេ​តាំង​ពីថ្ងៃ​ទូ​១២​ខែ​ក​ញ្ញ រហូតដល់​ល្ងាច​ថ្ងៃទី​១៥​ខែកញ្ញា នៅតែ​បន្ត​ធ្លាក់ លិចលង់​បណ្តាញ​ផ្លូវ​ទាំង​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​ផ្សេងទៀត​ក្នុង​ក្រុង​។ លោក​បន្តថា ការ​ឈានដល់​កម្រិត​ប្រកាសអាសន្ន​ពី​ជំនន់​ទឹកភ្លៀង ក្នុង​ប្រជុំជន​ក្រុង​ប៉ោយប៉ែត​នេះ មកពី​ស្ថានភាព​កម្រិត​ទឹកភ្លៀង​ជាច្រើន​មេ​ធំៗ ទើប​វា​បាន​បង្ក​ឲ្យ​លិចលង់​ផ្លូវ​និង​ទីធ្លា​មួយចំនួនធំ ក្នុង​ក្រុង​ជាច្រើន​ថ្ងៃ​មកហើយ​។​

​សូម​រំលឹកថា ភ្លៀង​ធ្លាក់​ជាច្រើន​មេ​ធំៗ​តាំងពី​ថ្ងៃទី​១២​ខែកញ្ញា មក​បាន​បង្ក​លិចលង់​ម្តុំ​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​, មុខ​ការិយាល័យ​គយ និង​រដ្ឋា​ការ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត (​នគរបាល​អន្តោប្រវេសន៍​), ផ្លូវ​ដើម​ពុទ្រា​, ម្តុំ​ផ្សារ​អគ្គ ម្តុំ​ផ្លូវ​បេនឡាន​, ម្តុំ​ផ្លូវ​ចូល​សាលាសង្កាត់​ប៉ោយប៉ែត​, ផ្លូវ​សាលាបឋមសិក្សា​ព្រហ្ម​និ​មិ​ត្ហ​.. សង្កាត់​ប៉ោយប៉ែត ..​។ ឬ​អាច​ថា​ផ្លូវ​និង​ទីធ្លា​ជិត​៨០​ភាគរយ​ត្រូវ​លិចលង់​។​

​ទោះយ៉ាងណា​ក្តីបារម្ភ​ពី​ជំនន់​ទឹកភ្លៀង​នេះ នឹង​បង្ក​អោយ​រំខាន់​និង​ខូចខាត​ជាច្រើន​ទាំង​ទ្រព្យសម្បត្តិ​ឯកជន ទាំង​ទ្រព្យសម្បត្តិ​សាធារណ​:​នៅ​ក្រុង​ប៉ោយប៉ែត​នេះ​ជាមិនខាន បើ​ភ្លៀង​និង​ទឹក​បន្ត​កើតមាន​៕