រដ្ឋបាល​ខេត្តកំពត​ចាត់វិធានការ​ដើម្បីឱ្យ​ដំណើរ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​មាន​ភាពល្អប្រសើរ​

1609
ចែករម្លែក
  • 137
    Shares

(​កំពត​): សម្រាប់​ការប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ ដែល​នឹង​ដំណើរការ​នៅ​មណ្ឌល​នានា នៃ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ បេក្ខជន​មកពី​គ្រប់​វិទ្យាល័យ​ក្នុង​ខេត្តកំពត មាន​ប្រមាណ​ជាង​ប្រាំ​ពាន់​នាក់​។ រដ្ឋបាលខេត្ត​បាន និង​កំពុង​ចាត់វិធានការ​ដើម្បីឱ្យ​ដំណើរការ​មាន​លក្ខណៈ​ល្អប្រសើរ និង​លទ្ធផល​ដែល​ទទួលបាន​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​លោក តាក ហាក់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ ទូទាំង​ខេត្តកំពត​មាន​បេក្ខជន​ចំណេះ​ទូទៅ បំពេញវិជ្ជា និង​ស្វ័យរិន​ដែល​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ចំនួន​៥.១៧៩​នាក់ ស្រី​២.៤៣៧​នាក់​។

លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ជាមួយនឹង​បរិមាណ​បេក្ខជន​ទាំងនេះ នឹងត្រូវ​ប្រើប្រាស់​មណ្ឌល​ប្រឡង​ចំនួន​ប្រាំបី ចែកចេញជា​២០៨​បន្ទប់ ដោយ​ដំណើរការ​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​។ មណ្ឌល​ប្រឡង​ទាំងនោះ រួមមាន ១. វិទ្យាល័យ​ព្រះរាជ​សម្ភារ​, ២. សាលា បឋមសិក្សា​ហ៊ុន សែន​១​មករា​, ៣. អនុ​វ​ទ្យា​ល័យ​ឌី​ប៉ុក​មហា​សាមគ្គី​, ៤. សាលាបឋមសិក្សា​សម្តេច​តា​, ៥. វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​, ៦. សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​, ៧. អនុ​វិទ្យា ល័យ​ហ៊ុន សែន​ជុំ​ក្រៀល​, ៨. វិទ្យាល័យ​ហ៊ុន សែន​ត្រ​សេក​កោង​។​

​ជុំវិញ​ដំណើរការ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ រដ្ឋបាល​ខេត្តកំពត​កំពុង​ចាត់វិធានការ​យ៉ាង​ហ្មត់ចត់​បំផុត ដោយ​អភិបាលខេត្ត លោក ចាន់ ចេស្តា បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទទួលខុសត្រូវ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​។ ក្នុងនោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវ​ចាត់​កម្លាំង​ដើម្បី​ឈរជើង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​បេក្ខជន ព្រមទាំង​មន្ត្រី​មាន​ភារកិច្ច​តាម​មណ្ឌល​ប្រឡង​។ មន្ទីរ​សុខាភិបាល​ត្រូវបញ្ជូន​ក្រុមគ្រូពេទ្យ និង​រថយន្ត​សង្គ្រោះ​ទៅ​ប្រចាំការ​រាល់​ម៉ោង​ប្រឡង​។ មន្ទីរ​ទេស​រណ៍​ត្រូវ​ចុះ​ណែនាំ​ដល់​ម្ចាស់​សេវាកម្ម​ស្នាក់នៅ និង​ម្ហូបអាហារ​បញ្ចៀស​នូវ​ការដំឡើងថ្លៃ​អំឡុង​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែសីហា​។ សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​គ្រប់​មន្ទីរ​អង្គភាព​គ្រប់គ្រង​ឱ្យបាន​នូវ​ម៉ាស៊ីន និង​រាល់​ការថត​ចម្លង​ឯកសារ​ផ្សេងៗ​…​ជាដើម​។​

​សូម​រំលឹកថា​កាល​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៥-២០១៦ នៅ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ក្នុង​ខេត្តកំពត បេក្ខជន​ដែល​បាន​ចុះឈ្មោះ​មាន​ចំនួន​៤.៥៣២​នាក់ ប៉ុន្តែ​វត្តមាន​ក្នុង​ថ្ងៃ​ប្រឡង​តែ​៤.៤៨៣​នាក់​ប៉ុណ្ណោះ​។ ជា​លទ្ធផល​បេក្ខជន​ដែល​ប្រឡង​ជាប់​មាន​២.៧៣១​នាក់ ស្មើនឹង​៦០,៩២​ភាគរយ​។ ក្នុងនោះ​ចំណាត់ថ្នាក់​និទ្ទេស A ចំនួន​១១​នាក់ ស្រី​៨​នាក់​, និទ្ទេស B ចំនួន​១២០​នាក់ ស្រី​៦០​នាក់​, និទ្ទេស C មាន​២៧២​នាក់ ស្រី​១៤៣​នាក់​, និទ្ទេស D មាន​៤៤៩​នាក់ ស្រី ២៣៣​នាក់ និង​និទ្ទេស E មាន​១.៨៦៩​នាក់ ស្រី​៩៣៣​នាក់​៕L ដោយ​: បូកគោ​