រដ្ឋបាល​ខេត្តកំពត​ជំរុញ​ដល់​ក្រុមហ៊ុន​ឯកជន​ ព​ន្លឿ​ន​ការងារ​បង្កើត​ឆ្នេរ​ឱ្យ​ឆាប់​ចេញជារូបរាង

305
ចែករម្លែក
  • 20
    Shares

ដោយ:បូកគោ/កំ​ពត ៖ ក្នុង​បំណង​ចង់ឱ្យមាន​ឆ្នេរ​ដូច​ខេត្ត​ជាប់​សមុទ្រ​ដទៃ​នោះ រដ្ឋបាល​ខេត្តកំពត ​បា​ន​ជំរុញ​ដល់​ក្រុមហ៊ុន​វិនិយោគ​ដែល​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជាព​ន្លឿ​ន​កិច្ចការងារ​របស់ខ្លួន​ ដើម្បី​លេចចេញ​ជា​រូបរាង​ឆាប់រហ័ស​។​

នាឱកាស​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ជា សុខ​ហេង ដែល​កំពុង​ចាក់ដី​លុប​សមុទ្រ​ផ្ទៃ​ទឹក​រាក់ ស្ថិតក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​ បា​ន​មានប្រសាសន៍ថា ជាមួយនឹង​ការទទួលបាន​សិទ្ធិ​វិនិយោគ ក្រុមហ៊ុន​ត្រូវ​ព​ន្លឿ​ន​កិច្ចការងារ​ដើម្បីឱ្យ​ឆាប់​លេចចេញ​ជា​រូបរាង​ឡើង​។ រដ្ឋបាល​ខេត្តកំពត​ពិត​ជា​ចង់ឃើញ​ឆ្នេរ​កើតមាន​ដូច​បណ្តា​ខេត្ត​មួយចំនួន​ដែលមាន​ឈ្មោះថា​ដែនដី​ជាប់​សមុទ្រ​នោះ​។ ដូច្នេះ ចាប់ពី​ចុងឆ្នាំ​២០១៩ ទៅ ក្រុមហ៊ុន​ត្រូវ​ប្រឹងប្រែង យ៉ាងហោច​ឱ្យបាន​២០​ភាគរយ​នៃ​ការងារ​របស់ខ្លួន​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ជា សុខ​ហេង ទទួលបាន​សិទ្ធិ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​ចាក់ដី​លុប​សមុទ្រ​លើ​ផ្ទៃ​ទឹក​រាក់​ទំហំ​២៤០​ហិកតា ដោយ​អនុវត្ត​ន៍គោលការណ៍​ផ្តល់ជូន​រដ្ឋបាលខេត្ត ៨០​ហិកតា ក្រុមហ៊ុន​ទទួលបាន​១២០​ហិកតា ចំណែក​៤០​ហិកតា​ទៀត​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នោះ​។

គោលដៅ​នៃ​ការស្នើសុំ​គឺ​ក្រុមហ៊ុន​បាន​ផ្តោតលើ​វិស័យ​ទេសចរណ៍​ជា​ចម្បង ហើយក៏​ស្រប​នឹង​បំណង​របស់​រដ្ឋបាលខេត្ត​ក្នុងការ​បង្កើន​វិស័យ​ឧស្សា​កម្ម​គ្មាន​ផ្សែង​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ លោក​ជាវ តា​យ​បាន​មានប្រសាសន៍​បន្តថា​ កន្ល​ង​មក​មជ្ឈដ្ឋាន​មួយចំនួន​បាន​ចោទប្រកាន់​ទាំង​គ្មានមូលដ្ឋាន​ច្បាស់លាស់​អំពី​ការឃុបឃិត បណ្តែតបណ្តោយ​ឱ្យមាន​ស​កម្ម​ភាព​ចាក់ដី​លុប​សមុទ្រ​នេះ​។ តាមពិត​ក្រុមហ៊ុន​ទទួល​បាន​ច្បាប់​ចេញ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រីឯ​រដ្ឋបាលខេត្ត​ដែលមាន​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជា​សេនាធិការ​មាន​កាតព្វកិច្ច​ឃ្លាំមើល​គ្រប់​សកម្មភាព​ទាំងអស់​។ ក្នុងករណី​អនុវត្តន៍​ផ្ទុយ​ពី​ការអនុញ្ញាត នោះ​ខេត្ត​នឹងធ្វើ​លិខិត​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​មាន​ចំណាត់ការ​។

ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​ បាន​រៀបរាប់ថា​ ការចាក់ដី​លុប​សមុទ្រ​នេះ​គេ​បាន​ធ្វើជា​យូរ​មកហើយ​។ ប្រសិន​បើ​នេះ​ជា​គម្រោង​របស់​រដ្ឋ និង​បម្រើ​ផលប្រយោជន៍​ជាតិ លោក​ពិតជា​សប្បាយចិត្ត និង​គាំទ្រ​ទាំងស្រុង​។ ប៉ុន្តែ​បើ​គម្រោង​នោះ​ជា​របស់​ក្រុមហ៊ុន​ឯកជន ធ្វើឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ និង​កេងចំណេញ​រាប់រយ​លាន​ដុល្លារ​ដោយ​រដ្ឋ​គ្មាន​បាន​ចំណូល​អ្វី​បន្តិច​សោះ នោះ​ជា​រឿង​សោកស្ដាយ​បំផុត​៕B/សរន/Ha