រដ្ឋបាល​ខេត្តកំពត​សង្ឃឹមថា​ពិធីបុណ្យ​សមុទ្រ​នឹង​ទទួលជោគជ័យ​តាម​ការគ្រោងទុក​

871
ចែករម្លែក

ដោយ​: បូកគោ / កំពត​: នៅពេលដែល​សមិទ្ធផល​គ្រប់យ៉ាង​លេចចេញ​ជា​រូបរាង​ស្ទើរ​មួយរយ​ភាគរយ ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​សម្តែង​ក្តី​ជឿជាក់ថា​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​លើ​វិស័យ​ទាំងអស់​។

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​រៀបចំ​ពី​ធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​តាមរយៈ​សមិទ្ធផល​ដែល​បាន និង​កំពុង​កើតឡើង សង្ឃឹមថា​ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត​នាពេល​ដ៏​ខ្លី​ខាងមុខ​នឹង​ទទួលជោគជ័យ​ដូច​ការគ្រោងទុក​។ តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា ក្រុមការងារ​ទាំងអស់​បាន​អនុវត្តតាម​គម្រោង​ផែនការ​ដោយ​មិនមាន​ភាពរអាក់រអួល ឬ​សោះអង្គើយ​ចំពោះ​កិច្ចការងារ​ស្ថិតក្នុង​បន្ទុក​ទទួលខុស​ត្រូវ​របស់ខ្លួន​នោះឡើយ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ទោះបីជា​បែបនេះ​ក្តី រដ្ឋបាលខេត្ត​នៅតែ​ទទូច​បន្ត​ចង់បាន​នូវ​កិច្ចការងារ​មួយចំនួន​ឱ្យ​ប្រសើរឡើង​បន្ថែមទៀត ពិសេស​អនុគណៈកម្មការ​អនាម័យ​បរិស្ថាន ចាំបាច់​ត្រូវ​បន្ត​និរន្តរភាព​ដោយ​ធ្វើយ៉ាងណា គិតគូរ​អំពី​សោភ័ណភាព និង​បរិស្ថាន​ឱ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ល្អជា​និច្ច​។ និយាយ​រួម​ពីថ្ងៃ​នេះ ដល់​ពិធីបុណ្យ​ជា​ផ្លូវការ​ត្រូវធ្វើ​ការសម្អាត​អនាម័យ​ទ្រង់ទ្រាយ​ធំ​ក្នុង​មួយ​សប្តាហ៍​ពីរដង​ជា​ទៀងទាត់​។

​លោក​ជាវ តា​យ បាន​បញ្ជាក់ថា​ផ្តើមចេញពី​ក្តី​ព្រួយបារម្ភ និង​ក្នុង​បំណង​ដើម្បី​កិត្តិយស​ខេត្ត​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​ខេត្តកំពត​នេះ សូម​អនុគណៈកម្មការ​ទាំង​ប្រាំមួយ​បន្ត​រក្សា​នូវ​ការយកចិត្តទុកដាក់ និង​អនុវត្តតាម​គម្រោង​ផែនកា​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ផ្អែកលើ​កិច្ចខិតខំ​របស់​អនុគណៈកម្មការ និង​អ្នកពាក់ព័ន្ធ​ដែល​បាន និង​កំពុង​អនុវត្ត​យ៉ាង​សស្រោកសស្រាំ​នេះ សង្ឃឹមថា​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​នឹង​លេចធ្លោ ហើយ​អាចជា​គំរូ​ដល់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕ ល​