រដ្ឋបាល​ខេត្តក្រចេះ កាន់​វេន​បិណ្ឌ​នៅ​វត្ត​វត្ត​ប​ច្ឆា ក្រុង​ក្រចេះ​

908
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទាំងមូល កំពុង​តែមាន​សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​យ៉ាង​ឆាប់រហ័ស​នោះ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​សាលាខេត្ត​ក្រចេះ លោក វ៉ា ថន បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត រួមជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​រដ្ឋ​បា​លា​រាម ( ហៅ​វត្ត​ប​ច្ឆា ក្រុង​ក្រចេះ​) និង​នាំនូវ​បច្ច័យ និង​ទេយ្យទាន ទេយ្យវត្ថុ​មួយចំនួន ដើម្បី​យកមក​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា ដើម្បី​ប្រមូល​បច្ច័យ​មួយចំនួន​កសាង​ទី​អារាម​វត្ត​នេះ ឲ្យ​មានការ​អភិវឌ្ឍន៍​កាន់តែ​ប្រសើរឡើង និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល ជូន​ចំពោះ​យុទ្ធជន​ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ញាតិ​ទាំង​៧​សណ្ដាន ដែល​បាន​លាចាក​លោក​ផងដែរ​។

​តាម​សង្ឃដីការ​របស់​ព្រះ​គ្រូសូត្រស្តាំ បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ដែល​ពិធីបុណ្យ​នេះ​ចាប់ពី​ថៃ្ង ១​រោច ខែភទ្របទ រហូតដល់​ថៃ្ង​ទី ១៥​រោច មាន​រយៈពេល ១៥​ថៃ្ង​ជា​រៀងរាល់ឆ្នាំ​។ ហើយ​អត្ថន័យ​សំខាន់​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ ឬ​ភ្ជុំបិណ្ឌ​នេះ គឺ​ផ្តោតទៅលើ​ចំនុច ៣​សំខាន់ៗ ១-​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ចំពោះ​បេ​ត​បុគ្គល ឬ​ប្រេត​បុគ្គល ២-​ដើម្បី​ឲ្យ​បាន​សេចក្តីសុខ​ចម្រើន សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់ខ្លួន និង​ទី​៣-​ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ ការស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់​ពេញ​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា ។

​ព្រះគ្រូ​មាន​សង្ឃដីការ​បន្តថា នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម ដើម្បី​ឧទ្ទិស​ដល់​ញាតិសន្តាន​ទាំងឡាយ​ដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​នោះទេ​៕ ល​