រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​បង្កើត​កម្មវិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ​

1882
ចែករម្លែក
  • 11
    Shares

​ដោយ​: គូលែន / សៀមរាប​: រដ្ឋបាល​សាលាខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​សហការ​បង្កើត​ក​ម្ម​វិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ​។

​ដោយមាន​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ស្វី​ស ក្រោម​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​សហការ​បង្កើត​ក​ម្ម​វិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ដោយបាន​នាំ​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​៩០​នាក់ ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង ដែលមាន​ភាព​ទាក់ទាញ​នៅក្នុង​ខេត្តសៀមរាប ខណៈ​កន្លងមក បានដាក់​ឱ្យប្រើ​ប្រាស់​ផែនទី​ទេសចរណ៍ “​សៀមរាប​ក្រៅពី​ប្រាសាទ​” ដែល​ផែន​ទីនោះ បានបង្ហាញ​អំពី​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ទាំងអស់ ដែលមាន​នៅក្នុង​ខេត្តសៀមរាប ដើម្បីឱ្យ​អ្នកទេសចរ​បានដឹង។​

​គោលដៅ​នៃ​ដំណើរ​កំសាន្ត​សាកល្បង សៀមរាប​ក្រៅពី​ប្រាសាទ​នេះ អ្នកទេសចរ នឹង​ធ្វើឱ្យ​អ្នករួមដំណើរ​នៅក្នុង​កម្មវិធី​ទាំងអស់​បាន​សប្បាយរីករាយ​ជាមួយគ្នា និង បានឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៅ​តំបន់​ជនបទ , ផ្ទះ​បុរាណ​តាម​ភូមិ , ទីតាំង​សិប្បកម្ម , រមណីយដ្ឋាន​ធម្មជាតិ , តំបន់​វាលស្រែ និង កសិដ្ឋាន​សេរី​រា​ង្គ ព្រម​ជាមួយនឹង​ការទទួល​ទាន​អាហារ​តាម​តំបន់​នីមួយៗ នៃ​ស្រុក​ប្រាសាទបាគង , ស្រុក​សូទ្រនិគម , ស្រុក​ស្វាយ​លើ , ស្រុក​បន្ទាយស្រី , ស្រុក​វ៉ារិន , ស្រុក​អង្គរជុំ និង​ស្រុក​អង្គរធំ ដោយ​ការធ្វើដំណើរ​តាម​រថយន្ត , ថ្មើរជើង , ជិះ​រទេះគោ , ជិះទូក , ជិះ​កង់​កំសាន្ត​តាម​ភូមិ និង​ដើរ​ឡើង​ភ្នំ។

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ខ្សែ​ទស្សនាចរ “​សៀមរាប​ក្រៅពី​ប្រាសាទ​” នៅពេលនេះ គឺមាន​សារៈសំខាន់​ណាស់ ក្នុង​ការជំរុញឱ្យ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប និង​ប្រាសាទបុរាណ បាន​ពន្យា​ការ​ស្នាក់នៅ​របស់​ពួកគេ ដើម្បី​ទទួលបាន​បទពិសោធន៍​យ៉ាងពិត​ប្រាកដ​ពី​តំបន់​ទេសចរណ៍​ក្រៅពី​ប្រាសាទ ដូចជា​ផ្ទះ​ស្នាក់នៅ​, ភោជនីយដ្ឋាន និង សកម្មភាព​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ជាដើម​៕