រដ្ឋបាល​ខេត្តសៀមរាប ប្រជុំ​ការរៀបចំ​សណ្ដាប់ធ្នាប់​ក្នុងករណី​ជនបរទេស​ប្រកប​អាជីវកម្ម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ខុសច្បាប់​

389
ចែករម្លែក

​ដោយ​: បាយ័ន / សៀមរាប​: កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​បន្ទប់​ប្រជុំ​លេខ​០១ សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់ ក្នុងករណី​ជនបរទេស​ប្រកប​អាជីវកម្ម ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ខុសច្បាប់ នៅ​តំបន់​សៀមរាប​អង្គរ និង​តំបន់​ទេសចរណ៍​មួយចំនួនទៀត ជុំវិញ​ខេត្ត​។​

​កិច្ចប្រជុំ​នេះ ផ្ដោត​សំខាន់​លើ​ការងារ​ទេសចរណ៍​មួយចំនួន រួមមាន​៖

  • ស្នើសុំ​មាន​វិធានការ និង​ទប់ស្កាត់​លើ​ជនបរទេស មាន​ជនជាតិ រុស្ស៊ី កូរ៉េ និង​ចិន អំពី​ករណី​ជនបរទេស​ប្រកប​អាជីវកម្ម​មគ្គុទ្ទេសក៍​ទេសចរណ៍​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​អង្គរ និង​តំបន់​ជុំវិញ​មួយចំនួនទៀត​ដូចជា ប៉ែក​ខាងជើង​បឹង​ទន្លេសាប​(​ចុង​ឃ្នា​ស កំពង់​ភ្លុក កំពង់​ឃ្លាំង​) ឧទ្យាន​ជាតិ​ភ្នំ​គូលែន ប្រាសាទបេង​មាលា ប្រាសាទកោះកេរ្តិ៍ និង​ប្រាសាទភ្នំព្រះវិហារ ជាដើម​)​។
  • ការងារ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន និង​បរិស្ថាន​ទូទៅ​ជុំវិញ​ខេត្ត និង​មានការ​សហការគ្នា​ល្អ រវាង​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ ភ្ញៀវទេសចរ និង​ប្រជាជន ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​ល្អ ធម្មជាតិ​បៃតង មាន​អនាម័យ និង​មាន​ផាសុខភាព ស្របតាម​ពាក្យស្លោក «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​»​។
  • ស្នើ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត ទទួល​ផែនការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ធ្វើ​របាយការណ៍ និង​ធ្វើបញ្ជី​បច្ចុប្បន្នភាព​ជនបរទេស ដែល​ស្នាក់​នៅក្នុង​ខេត្តសៀមរាប ដើម្បី​ធ្វើ​អាជីវកម្ម ធ្វើ​ជំនួញ ឬ​អាស្រ័យ​ផល​ផ្សេងៗ និង​កំណត់​មុខសញ្ញា​លើ​ជនបរទេស​ទាំងនោះ ដើម្បី​ងាយស្រួល​ក្នុង​គ្រប់គ្រង​ការងារ​ទាំងនេះ​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​អភិបាលរង​ខេត្ត​ក៏បាន​ស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍ មន្ត្រី​ជំនាញ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ មគ្គុទេសក៍​ទេសចរណ៍ ត្រូវ​សហការគ្នា បង្កើត​ក្រុមការងារ ធ្វើការ​ជា​សម្ព័ន្ធ និង​បង្កើត​ក្រុម​តេ​ឡេ​ក្រាម (Telegram ) ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ជូនដំណឹង ផ្ដល់ព័ត៌មាន និង​រាយការណ៍​ឲ្យ​គ្នា​ទៅវិញទៅមក​៕ ល​