រដ្ឋបាល​ជលផល​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​លក្ខ​ណៈចុះ​ធ្វើ​ប្រហុក ផ្អក នៅពេលដែល​ត្រី​ចាប់ផ្តើម​ត្រូវ​ខ្លាំង​ក្នុងពេល​ខាងមុខ​

734

(​កំពង់ឆ្នាំង​) ៖ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​លក្ខ​ណះ​ចុះ​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅពេលដែល​ត្រី​ចាប់ផ្តើម​ត្រូវ​ខ្លាំង​នាពេលខាងមុខ​។​

​រដ្ឋបាល​ជលផល​បានប្រកាស​ឲ្យ​ដឹងថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៧-២០១៨​នេះ ការធ្វើ​អាជីវកម្ម​នេសាទ​នៅតាម​បណ្តា​គន្លង​ដាយ​ត្រី តាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​អាច​នេសាទ​ត្រី​បាន​ច្រើន ចាប់ពី​ថ្ងៃ​៥​កើត​ដល់​១០​កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​២២ រហូតដល់ ថ្ងៃទី​២៧ ធ្នូ ២០១៧ និង ចាប់ពី​ថ្ងៃ​៥ កើត ដល់​ថ្ងៃ​១០ កើត ខែមាឃ ត្រូវ​នឹង​ថ្ងៃទី​២១ មករា ដល់​ថ្ងៃទី​២៦ មករា ២០១៨​ខាងមុខ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​។​

​រដ្ឋបាល​ជលផល​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ ត្រូវ​រួសរាន់​តាម​ពេលវេលា និង​កន្លែង​ដែល​រដ្ឋបាល​ជលផល​ជម្រាបជូន​ខាងលើ​។

​ក្រៅពីនោះ រដ្ឋបាល​ជលផល ក៏​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជួយ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ទៅមក​ស្នាក់នៅ និង ដឹកជញ្ជូន​ផលិតផល​ត្រី​កុំ​ឲ្យ​មានការ​រាំងស្ទះ តាម​ការគួរ​ផងដែរ​។​

លោក សោម ភិ​រុន ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២០​ធ្នូ​នេះ ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក នៅ​មិនទាន់​ត្រូវ​ច្រើន​នៅឡើយ​ទេ​។ ដែល​នៅពេលនេះ ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក មានតម្លៃ​ចន្លោះ​ពី​៨០០​រៀល​ទៅ​២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​ត្រី​នឹង​ចាប់ផ្តើម​ត្រូវ​ខ្លាំង ក្នុងអំឡុងពេល​២.៣​ថ្ងៃ​ខាងមុខ​ទៀត ហើយ​នៅពេលដែល​ត្រី​ត្រូវ​ខ្លាំង តម្លៃ​ត្រី​នឹង​ចុះថោក​ទៅតាម​នោះដែរ​។​

លោក សោម ភិ​រុន បាន​ឲ្យ​ដឹង​ទៀតថា ក្នុងខណៈ​ពេលដែល​ត្រី​ប្រហុក​នឹង​ចាប់ផ្តើម​ត្រូវ​ក្នុងពេល ២.៣​ថ្ងៃ​ខាងមុខនេះ សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ ដែល​រសនៅ​ឆ្ងាយ​ពី​ដែន​នេសាទ ក្រោយពេល​ប្រមូល​ផល​ទុកដាក់​រួចរាល់​អស់ហើយ ​បានចាប់ផ្តើម​ចុះមក​កាន់​ដែន​នេសាទ​ជា​បន្តបន្ទាប់ ដើម្បី​ត្រៀម​ធ្វើ​ប្រហុក​ផ្អក ត្រីឆ្អើរ ត្រីងៀត ទុក​ហូបចុក​នា​ឆ្នាំក្រោយ​។ ក្រៅពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​មកពី​ខេត្តក្រចេះ និង​ខេត្ត​ផ្សេងៗ​ទៀតផង​ដែរ​៕L ដោយ​៖ សន សក្តា​