រដ្ឋបាល​រាជធានី​ភ្នំពេញ សំណូមពរ​ឲ្យ​អាជីវករ​ទទួល​បញ្ចាំ​គោរព​ច្បាប់​ដើម្បី​រក្សា​សន្ដិសុខ​

1050
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកា​សលេខ​០៣០ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧ ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​


​ ​
​លោក កើត ឆែ បាន​លើកឡើងថា ការផ្សព្វផ្សាយ​ប្រកាស​នេះ ធ្វើឡើង​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​អាជីវកម្ម​​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ ដោយ​អនុប្បទាន​, ដើម្បី​ធានា​សមធម៌ និង​តុល្យភាព​នៃ​ផលប្រយោជន៍​រវាង​អ្នក​ដាក់បញ្ចាំ​និង​អ្នក​ទទួល​ព្រ​ទ្យ​បញ្ចាំ ជាពិសេស​ធានា​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។​
​ ​
​អភិបាលរង​រាជធានី​រូបនេះ បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​អាជីវកម្ម​ទទួល​បញ្ចាំ ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រមាណ​២៣១​ទីតាំង​មាន​​ច្បាប់​១៥២​ទីតាំង និង​អត់​ច្បាប់​៧៩​ទីតាំង ហើយ​អាជីវករ​គេចវេស​មិន​សុំច្បាប់​បើក​អាជីវកម្ម គាត់​លើក​ហេតុផល​ថា​បែបបទ​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ មាន​ភាពស្មុគស្មាញ និង​តឹងតែង​ពេក ដោយ​អាជីវករ​ខ្លះ​សុំច្បាប់​មួយ​ទីតាំង ប៉ុន្តែ​លួច​បើកហាង​បញ្ចាំ​ច្រើន​កន្លែង​។​
​ ​
​លោក កើត ឆែ បាន​ឲ្យ​ដឹងថា មាន​ហាង​លក់​ទូរស័ព្ទ​ខ្លះ ក៏​ទទួល​បញ្ចាំ​ទូរស័ព្ទ និង​វត្ថុ​មានតម្លៃ​ដែរ​ហើយ​នៅមាន​ទីតាំង​អាជីវកម្ម​ជា​​ច្រើន​ទៀត ដែល​ឆ្លៀតឱកាស​រក​ផលប្រយោជន៍ តាមរយៈ​ការទទួល​បញ្ចាំ​ផល​ចោរកម្ម ដែល​សកម្មភាព​បែបនេះ គឺជា​ទង្វើ​ខុសច្បាប់ និង​ផ្តល់ឱកាស​ឲ្យ​ជន​ទុច្ចរិត​បង្ក​អស្ថិរភាព​សង្គម ដូចជា​ប្រព្រឹត្ត​អំពើ​លួច ឆក់​ប្លន់ ជាដើម ព្រោះ​ផល​ចោរកម្ម ត្រូវបាន​ប្តូរ​ជា​ប្រាក់ ឬ​វត្ថុ​មានតម្លៃ​យ៉ាង​ងាយ​។​
​ ​
​លោក​បន្ដថា ស្ថានភាព​អវិជ្ជមាន​ទាំងនេះ កើតឡើង​ស្ទើរតែ​រៀងរាល់ថ្ងៃ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​និង​បាត់បង់​ជំនឿ​លើ​អាជ្ញាធរ​រាជធានី ​ដូចនេះ​ទើប​លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ចាត់វិធានការ​យ៉ាង​កក់​ក្តៅគគុក ដោយ​បញ្ជា​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ចុះ​ឆែកឆេរ និង​ចាត់វិធានការ​រដ្ឋបាល​លើ​ហាង​បញ្ចាំ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ និង​កន្លែង​ទទួលផល​ចោរកម្ម​ទាំង​មានច្បាប់​និង​អត់​ច្បាប់​។​
​ ​
​ក្នុងនោះ លោក កើត ឆែ សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ ពិសេស​បណ្តា​អាជីវករ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ យក​កម្មវត្ថុ​និង​ខ្លឹម​​សារសំខាន់ៗ ទៅ​ផ្សព្វផ្សាយ ដើម្បី​ទាំងអស់គ្នា​គោរព​ច្បាប់ និង​ធានាបាន​នូវ​សុខសន្តិភាព​ជាពិសេស​សុ​វត្ថិ​ភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំ​ព​ញ​៕​ដោយៈ​វិបុល​/sn