រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រគល់​ទៀនវស្សា​ដល់​ខណ្ឌ​ទាំង​១២​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ទាំង​១៥០​វត្ត​

1025
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៧​កក្ដ​ដា​នេះ​ឱ្យ​ប្រគល់​ទៀនវស្សា​ដល់​ខណ្ឌ​ទាំង​១២​ដើម្បី​លោក​អភិបាលខណ្ឌ​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​ទាំង​១៥០​វត្ត​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​នៅសល់​តែង​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ចូលកាន់​ព្រះវស្សា​នឹង​ឈានចូល​មកដល់​ហើយ ។​
​ ​គួរ​បញ្ជាក់ថា​៖ ពិធី​ចូលកាន់​ព្រះវស្សា មាន​រយៈ​៣​ខែ ដោយ​ចាប់​ពីថ្ងៃ​១​រោច​ខែអាសាឍ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែកក្កដា រហូតដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​ពាក់​ព័​ន្អ​នឹង​បុណ្យ​តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​នេះ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណ​រួចរាល់​ហើយ ដើម្បី​នាំ​ទៀនវស្សា ប្រេងកាត បច្ច័យ​និង​ទេ​យ្យ​វត្ត​មួយចំនួន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ទាំង​១៥០​ក្នុង​រាជធានី​ភ្នំពេញ ។​ទៀនវស្សា ប្រេងកាត​និង​ទេ​យ្យ​វត្ត​មួយចំនួន បាន​ដឹក​បញ្ជូនមក​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ​អស់ហើយ មុន​បន្ត​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់នៅ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ។
​មន្ត្រីរដ្ឋបាល​រាជធានី​បានឱ្យដឹងថា​៖​សម្រាប់​មួយ​វត្តៗ​ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀនវស្សា​១​គូ សាដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន​ចំណុះ​៣០​លីត្រ ស្កស​១​បាវ​ទំងន់​២៥​គី​ឡួ​ក្រាម ទឹកដោះគោ​ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស និង​ឧបត្ថម​សហគម​ក្មេង​វត្ត​ចំនួន​៥​លាន​រៀល​។​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​១៧ កក្កដា​នេះ​ថា អនុវត្ត​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ជម្រុញ​អោយ​មន្ត្រី​ដែល​ទទួលបន្ទុក​ការងារ​នេះ​ប្រគល់​បន្តទៅ​អោយ​ខណ្ឌ​ទាំង​១២ ដើម្បី​យក​ទៀនវស្សា ប្រេងកាត បច្ច័យ​និង​ទេយ្យវត្ថុ​ទាំងនេះ​ទៅ​ប្រគេន​ដល់​វត្ត​នីមួយៗ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ពោលគឺ​បញ្ជូន​ទៅតាម​ខណ្ឌ​ឱ្យ​ចប់​ត្រឹម​ល្ងាច​ថ្ងៃទី​១៧ កក្កដា​នេះ​។​
​ពាក់ព័ន្ធ​នឹង​បុណ្យ​ចូលកាន់​ព្រះវស្សា នឹងត្រូវ​ធ្វើឡើង ក្នុង​រយៈពេល​៣​ខែ ហើយ​ក្នុង​រយៈពេល​នេះ​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវការ​ភ្លើង​បំភ្លឺ ដើម្បី​សិក្សា​រៀនសូត្រ​ខាង​ព្រះពុទ្ធសាសនា ហើយ​ត្រូវការ​ទេយ្យវត្ថុ​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​តាម​វត្ត​នីមួយៗ ព្រោះ​រយៈពេល​ចូល​វស្សា គឺជា​រដូវភ្លៀង ព្រះសង្ឃ​ពិបាក​ក្នុង​និមន្ត​បិណ្ឌបាត​នៅតាម​ទី​ដ៏​ទៃ​។ ដូចនេះ ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ផ្សេងៗ ដែល​នឹងត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ គឺជា​ការចាំបាច់​បំផុត ជា​ទាន​ដ៏​ប្រពៃ ទទួលបាន​នូវ​បុណ្យ​កុសល​ពេញ​ដោយ​បរិបូរណ៍​តាម​ជំនឿ​។​
​មន្ត្រី​បាន​បន្តទៀតថា​៖​បច្ចុប្បន្ន​ទូទាំង​រាជធានី​ភ្នំពេញ​មាន​វត្ត​ចំនួន​១៥០​វត្ត មាន​ព្រះសង្ឃ​ជាង​៥០០០​អង្គ​ទាំង​មហានិកាយ និង​ធម្មយុត្តិកនិកាយ​៕