រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ jica បើក​សិក្ខាសាលា ពិគ្រោះ​យោបល់​ជុំវិញ​,​ផែនការមេ​កែលម្អ​ប្រព័ន្ធ​លូ​និង​ទឹក​សំអុយ​នៅក្នុង​រាជធានី​ភ្នំពេញ​

327
ចែករម្លែក

ដោយ​​:រ៉ា​ម៉ន​/​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ jica​បាន​បង្កើតជា​អង្គសិក្ខាសាលា ពិគ្រោះ​យោបល់ ជុំវិញ​ផែនការមេ​កែលម្អ​ប្រព័ន្ធ​លូ​និង​ទឹក​សំអុយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​នូវ​មតិយោបល់ ធាតុ​ផ្សំ​នានា​លើ​គម្រោង​កែលម្អ​ប្រព័ន្ធ​លូ​និង​ទឹក​សំអុយ​នេះ​អោយបាន​ប្រសើរឡើង​។​

អង្គសិក្ខាសាលា​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ២០​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ស៊ុយ​សេ​រិ​ទ្ធ​និង​លោក​នួន​ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​លោក​Sugnano Yuichi ប្រធាន​តំណាង ការិយាល័យ​ចៃ​កា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អាជ្ញាធរ សង្កាត់ ខណ្ឌ មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

លោក ​ស៊ុយ សេ​រិ​ទ្ធ បាន​មានប្រសាសន៍ ឲ្យ​ដឹងថា​អង្គការ​ចែក​ការ​គឺជា​អង្គការ​មួយ​ដែល​បាន​ជួយ​រាជធានី​ភ្នំពេញ​ច្រើន​លើ​ការកែលម្អ​ប្រព័ន្ធ​លូ​ប្រឡាយ​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​គម្រោង​កែលម្អ​ប្រព័ន្ធ​លូ​ជំហាន​ទី​១ បានធ្វើ​ឡើង​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០០៤ ។​ជំហាន​ទី​២​ចាប់ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០ ។​ជំហាន​ទី​៣ ចាប់ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥ ហើយ​គម្រោង​ទាំង​៣​នេះ​បានបញ្ចប់​ហើយ និង​បាន​បន្ត​គម្រោង​ទី​៤​ទៀត ដោយ​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ​ចាប់ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២១ ហើយ​គម្រោង​នេះដែរ​បាន​នឹង​កំពុង​ដាក់លូ​មេ​នៅ​ជិត​វត្តភ្នំ ខណ្ឌដូនពេញ​និង​នៅ​ម្តុំ​ផ្ទះ​សម្តេច​ទា បាញ់​ក្នុង​ខណ្ឌទួលគោក​។

លោក​បានបញ្ជាក់​ផងដែរ​ថា ក្រោយ​ឆ្នាំ​២០២១​ពោលគឺ​ក្រោយពី​បញ្ចប់​ជំហាន​ទី​៤​នេះ សង្ឃឹមថា​តំបន់​មួយចំនួន​ខាងលើ​នឹង​លែង​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់​ទៀតហើយ​។ បន្ទាប់មកទៀត​ចៃ​ការ​និង​អនុវត្ត​គម្រោង​ជំហាន​ទី​៥​ទៀត នៅ​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ​។​លោក​បានបញ្ជាក់​ផង​ដែលថា ផែនការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ រួមមាន​ផែនការ​៥​ឆ្នាំ ផែនការ​៣​ឆ្នាំ​រំកិល​និង​ផែនការ​ប្រចាំឆ្នាំ ។

លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះបាន​លើកឡើងថា​៖ បើ​និយាយ​ពី​ផែនការ​រំដោះ​ទឹក​លិចលង់​នៅ​ភ្នំពេញ យើង​មិនមែន​គិតតែ​តំបន់​នៅ​ភ្នំពេញ​នោះទេ គឺ​ត្រូវ​និយាយ​ពី​តំបន់​ជុំវិញ​ភ្នំពេញ ។​ប្លង់​មេ​របស់​យើង​មាន​៣ ទី​១ ប្លង់​មេ​លើ​ការកែលំអរ ប្រព័ន្ធ​លូ ប្រឡាយ ទឹក​កខ្វក់​នៅ​ភ្នំពេញ​។ ទី​២ ប្លង់​មេ​លើ​ការកែលំអរ ចរាចរណ៍​និង​ប្រព័ន្ធ​ដឹកជញ្ជូន​និង​ទី​៣ ប្លង់​មេ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥​ទាំងមូល ។​លោក​បន្តថា អនុវត្តតាម​ប្លង់​មេនេះ តំបន់​ដែល​បាន​អនុវត្ត ឃើញថា​ទទួលបាន​លទ្ធផល​ល្អ ពោលគឺ​លែង​ទទួលរង​ការលិចលង់​ទៀត​៕​B/