រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ចំនួន​៣​ទីតាំង​ក្នុង​ឃុំ​អណ្តូងទឹក​

310
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បាន​សហការ​ជាមួយ​នាយទាហាន​ពលទាហាន អាជ្ញាធរ​ឃុំ​និង​ភូមិ រួមគ្នា​ធ្វើ​យុទ្ធនាការ​ធំ​មួយ​សម្អាត​អនាម័យ​បរិស្ថាន​ចំនួន​៣​ទីតាំង​ក្នុង​ឃុំ​អណ្ដូងទឹក ខណៈ​កាកសំណល់​សំរាម​គ្រប់​ប្រភេទ​រាយប៉ាយ​តាម​ដងផ្លូវ​សាធារណៈ​។​

​ទីតាំង​សាធារណៈ​សំខាន់ៗ​ដែល​សំបូរ​ទៅ​សំណល់​សំរាម ហើយ​ដឹកនាំ​លោក ហាក់ ឡេង អភិបាលស្រុក​ចាប់ពី​អគារ​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ​ដល់​សម្រុង​ស្មាច់ ទី​២-​លោកស្រី អ៉ិ​ន សោ​ភ័​ណ្ឌ អភិបាលរង​ស្រុក ដឹកនាំ​សម្អាត​សំរាម​ចាប់ពី​សាលាស្រុក​បូ​ទុម​សាគរ ដល់​កា​រាស់​សាំង​តេ​លា និង​ទី​៣-​លោក ក្រូច បូរី សីហា អភិបាលរង​ស្រុក​នៅ​ចំណុច​រង្វង់​មូល​វិថី សាយ ភូ​ថង​។​

​បើតាម​លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុក​ម​សាគរ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ២០១៩​ថា មូលហេតុ​ប្រមូល​ផ្តុំគ្នា​ធ្វើ​យុទ្ធនា​ការសម្អាត​អនាម័យ​បរិស្ថាន​តាម​ទីសាធារណៈ​ខាងលើ ក៏​ព្រោះតែ​ឃើញ​វត្តមាន​សំរាម​គ្រប់​ប្រភេទ​កើតមាន​ឡើងជា​បន្តបន្ទាប់​ដែល​ធ្វើ​ប៉ះពាល់​សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព និង​សុខភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។

​បន្ថែម​លើ​នេះ លោក​ទទូច​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​មេត្តា​កុំ​ចោល​សំរាម​ពាសវាល​ពាសកាល​ដូច្នេះ​បន្តទៅទៀត​។ ក្រៅតែពី​ការលើកដៃ​អំពាវនាវ​អប់រំ​ណែនាំ​ដល់​អ្នកពាក់ព័ន្ធ រដ្ឋបាល​ស្រុក កំពុង​ពិនិត្យ​រក​វិធីសាស្ត្រ​គ្រប់គ្រង​កាកសំណល់​សំរាម​អោយ​បានល្អ​ផងដែរ តាមរយៈ​ការ​ស្វែង​ពង្រាយ​ធុន​សំរាម​អោយបាន​ច្រើន និង​ការផាកពិន័យ​ចំពោះ​ជន​ណា​ដែល​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​តាម​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​កាកសំណល់​សំរាម​រឹង​រាវ​។​

​ដោយឡែក​ចំពោះ​ការ​ព្រលែង​សត្វពាហនៈ​គោ និង​ក្របី ដើរ​តាម​ដងផ្លូវ​សាធារណ ឬ​ទីប្រជុំ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដើរ​ស៊ី​ដំណាំ ផ្កា​ភ្ញី និង​ជុះអាចម៍​គ្មាន​សណ្តាប់ធ្នាប់ ក៏ត្រូវ​បាន​កោះហៅ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​ទទួលខុសត្រូវ​មិន​កើតមានឡើង​ក្រោយៗ​ឡើយ​។

​លោក ហាក់ ឡេង រំពឹងទុក​ថា ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​នឹងចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​អោយ​ល្អប្រសើរ​ទាំងអស់គ្នា ដើម្បី​សហគមន៍​គ្មាន​សំណល់​សំរាម​រឹង​រាវ សុខភាព​មាំមួន និង​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​៕ ល​