រដ្ឋបាល​ស្រុក​មុខកំពូល​ផ្តើម​យកចិត្តទុកដាក់​ពី​សំរាម​

1607
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញៈ​អាជ្ញាធរ​ស្រុក​មុខកំពូល​ផ្តើម​យកចិត្ត​ទុក​អំពី​សំរាម ដោយ​ធ្វើ​ការអប់រំ​ដល់​ពលរដ្ឋ សិស្សានុសិស្ស និង​ផ្តល់​សម្ភារៈ​ទុកដាក់​សំរាម មធ្យោបាយ​ដឹក​សំរាម និង​លើក​ស្លាក​ហាម​ចាក់សំរាម​នៅតាម​ទីសាធារណៈ​។​

​លោក តុង ស៊ីវ​មី អភិបាលស្រុក​មុខកំបូល​ខេត្តកណ្តាល បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៨​ថា នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ រដ្ឋបាល​ស្រុក​មុខកំពូល​គ្រោង​នឹង​ចែកជូន​ធុងសំរាម​មាន​កង់​ដល់​វិទ្យាល័យ​ចំនួន​២​នៅក្នុង​ស្រុក ដោយ​វិទ្យាល័យ​នីមួយៗ ទទួលបាន​ធុង​សំ​រ៉ា​ម​មាន​កង់​ចំនួន​២ និង​ជូន​ដល់​មណ្ឌល​សុខភាព​ចំនួន​៦ ក្នុង​មួយ​មណ្ឌល​សុខភាព​ទទួលបាន​ធុង​សំ​រ៉ា​ម​មាន​កង់​ចំនួន​១​។​

​លោក​អភិបាលស្រុក​បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា កន្លងទៅនេះ ដោយមាន​ការជួយឧបត្ថម្ភ​ថវិកា​ពី​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល រដ្ឋបាល​ស្រុក​មុខកំពូល និង​សប្បុរសជន​ក្នុងស្រុក បាន​ចែក​ធុងសំរាម​មាន​កង់​ដល់​ឃុំ​ទាំង​៧ ដោយ​ក្នុង​មួយ​ឃុំ​ទទួលបាន​ធុងសំរាម​មួយ រទេះអូស​សំរាម​មួយ ស្លាក​ហាម​ចាក់សំរាម​បី ធុងសំរាម​ធ្វើ​ពី​កង់ឡាន​ពីរ ប៉ែល​មួយ ចំណូក​មួយ​និង​បង្គី​ពីរ​។​

​កម្មវិធី​ខាងលើនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​ស្រុក​អំពី​បញ្ហា​បរិស្ថាន ដែល​ទោះបីជា​សម្ភារៈ​នោះ តិចតួច​ក្តី​តែ​វា​បានបង្ហាញ​ពី​អប់រំ ដល់​ពលរដ្ឋ​សិស្សានុសិស្ស​ឲ្យ​បញ្ឈប់​ការ​ចោល​សំរាម នៅតាម​ទីសាធារណៈ​៕