រដ្ឋប្រហារ​នៅ​អេត្យូ​ពី​រងបរាជ័យ ហើយមេទ័ព​ត្រូវបាន​សម្លាប់​

560
ចែករម្លែក

​រដ្ឋាភិបាល​អេត្យូ​ពី​បាន​ធ្វើអោយ​បរាជ័យ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​តំបន់​មួយ​នៅ​ភាគ​ខាងជើង​រដ្ឋធានី អាត់​ឌី​ស អា​បា​បា និង​ប្រមុខ​យោធា​របស់​ប្រទេស​ត្រូវ​បាន​បាញ់​​សម្លាប់ នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​។​

នាយករដ្ឋមន្រ្តីក្នុងឯកសណ្ឋានយោធា ចេញមកប្រកាសថារដ្ឋប្រហារត្រូវបានបង្រ្កាប

​នាយករដ្ឋមន្ត្រី អាប៊ី​យ អា​ម៉េត បាន​ប្រកាស​តាម​ទូរទស្សន៍​ថា រដ្ឋប្រហារ​មិន​សំរេច​នៅ​តំបន់​អា​មហា​រ៉ា​នេះ ដឹកនាំ​ធ្វើ​ដោយ​នាយទាហាន​ថ្នាក់ខ្ពស់​ម្នាក់ និង​មនុស្ស​មួយចំនួន​​ទៀត​ក្នុង​ជួរ​កងទ័ព​។​

​នៅក្នុង​ដំណើរ​វិវត្តន៍​សភាពការណ៍​ពាក់ព័ន្ធ​មួយ ប្រមុខ​យោធា​អេត្យូ​ពី ឧត្តមសេនីយ៍ សៀ មេ​កូន​ណេន​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រដ្ឋធានី​នៅ​មិនយូរប៉ុន្មាន​ក្រោយពី​មានការ​​វាយប្រហារ​នៅ​តំបន់​អា​មហា​រ៉ា ។​

​ស្ថានទូត​អាម៉េរិក បាន​រាយការណ៍​អំពី​ការ​បាញ់កាំភ្លើង​នៅក្នុង​រដ្ឋធានី​កាលពី​ថ្ងៃ​សៅរ៍​និង​បាន​អំពាវនាវ​អោយ​ប្រជាជន​មាន​ការប្រុងប្រយ័ត្ន​។​

​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​តំបន់​អា​មហា​រ៉ា​ជាការ​ប្រឈម​ចុងក្រោយ​មួយ​ចំពោះ​លោក អាប៊ី​យ អាម៉េត​ដែល​បាន​ជាប់ឆ្នោត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន​ក្នុងនាម​ជា​មេ​ដឹក​​នាំ​គំនិត​កែ​ទំរង់​ម្នាក់​៕​ដោយ​៖​វាសនា​