រដ្ឋមន្ដ្រីក្រសួង​សាធារណការ​អំពាវនាវ​ពលរដ្ឋ​ជា​ម្ចាស់​យានយន្ត យក​រថយន្ត​របស់ខ្លួន​មក​ឈៀក ឲ្យ​បាន​ទាន់ពេលវេលា

2507
ចែករម្លែក
  • 1.3K
    Shares

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​បាន​​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​ម្ចាស់​យានយន្ត ឲ្យ​យក​រថយន្ត​របស់ខ្លួន​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឈៀក​) ឲ្យ​បាន​ទាន់ពេលវេលា​តាម​តំរូវការ​របស់​ច្បាប់​។​
​ ​
​ការអំពាវនាវ​បែបនេះ ក្នុងឱកាស​ដែល​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានយន្ត​សាខា​បឹង​ស្នោរ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ហួស​បុរី​ប៉េង​ហួត បឹង​ស្នោរ ប្រហែល​១​គីឡូម៉ែត្រ ជាប់​ចំណត​ឡានក្រុង វាល​ស្បូវ​។​
​ ​
​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​យ៉ាង​ដូច្នោះ​ថា “…​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​ម្ចាស់​យានយន្ត​សូមមេត្តា យក​ឡាន​មក​ឈៀក ឲ្យ​បាន​ទាន់ពេលវេលា​តាម​កំណត់ តាម​តំរូវការ​របស់​ច្បាប់​យើង​។​…​ឡាន​ខ្លះ​៤​ឆ្នាំ​ម្ដង ខុសពី​ឡាន​ថ្មី ដោយ​ខ្លះ​២​ឆ្នាំ ខ្លះ​១​ឆ្នាំ​ម្ដង តាមច្បាប់​របស់​យើង ដែល​បានដាក់​ឲ្យ​ប្រើប្រាស់ ក្នុងការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ​”​។​
​ ​

មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានយន្ត សាខា​បឹង​ស្នោរ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី ភ្នំពេញ បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ កក្កដា ឆ្នាំ​២០១៧(​រូប សុផល​)

​លោក បានបញ្ជាក់​ទៀតថា សព្វថ្ងៃ​កត្តា​ដែលមាន​ការគ្រោះថ្នាក់​ចរាច​រណ៍ មានការ​កើតឡើង​ដោយ​គឺ​ដោយសារ​ការបើក​ឡាន​ដោយ​​ល្បឿន​លឿន បើក​ក្នុងស្ថានភាព​ស្រវឹង កត្តា​មនុស្ស និង​កត្តា​យានយន្ដ ដោយ​យើង​មិនបាន​យក​យានយន្ដ មក​ឈៀក​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ឡាន​យើង​មាន​លក្ខណៈខុស​ប​ច្ចេ​សទេស ឡាន​ខ្លះ​កែ​ខុស​លក្ខណៈ​បច្ចេកទេស និង​មាន​ឡាន​ខ្លះទៀត ភ្លើង​ក៏​មិន​ភ្លឺ ហ្វ្រាំង​ក៏​មិន​ស៊ី ។​ល​។ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​តាម​ដងផ្លូវ​។​

​ក្នុងឱកាស​នោះ​ផងដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ធ្វើការ​ណែនាំ​ដល់ ក្រុមហ៊ុន​ដែល​ពិនិត្យ និង​ធ្វើ​ឈៀក​សូម​ផ្ដល់​សេវា​ឲ្យ​បានល្អ ព្រោះថា​ពី​ដើម​មាន​ក្រុមហ៊ុន​តែ​១​គត់ ដែល​ផ្ដល់​សេវា​ឈៀករថយន្ត​នេះ ឥឡូវ​មាន​ក្រុមហ៊ុន​ពីរ​ហើយ ដូច្នោះ​មានការ​ប្រកួតប្រជែង​។​

​លោកស្រី ស៊ួ​ន គឹម​ស្រ៊ុន ប្រធាន​ក្រុមហ៊ុន CMVIC ដែលជា​អ្នកវិនិយោគ​លើ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ថ្មី​នេះ​បាន​​ឱ្យដឹងថា​មណ្ឌល​ឆៀករថយន្ត​នេះ​មាន​ទំហំ​ប្រមាណ​៥.០០០​ម៉ែត្រការ៉េ និង​បានចាប់ផ្តើម​សាងសង់​កាលពី​ខែមិថុនា ឆ្នាំ​២០១៦​និង​រួចរាល់​​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ​។​មណ្ឌល​នេះ​មាន​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ទំនើប​ឆ្នាំ​២០១៧​ចំនួន​២​ខ្សែ​ផលិត​នៅ​ប្រទេស​ចិន ដែល​ខ្សែ​នីមួយៗ​មាន​ឧបករណ៍​វាស់​ផ្សែង​សាំង ផ្សែង​ម៉ា​ស៊ូ​ត ឧបករណ៍​វាស់​ល្បឿន រណ្តៅ​មើល​បាត​រថយន្ត ឧបករណ៍​​វាស់​ភ្លើង​ហ្វា​កូដ ស៊ី​ផ្លេ លំ​ងាក​ចង្កូត ឧបករណ៍​ថ្លឹង​ទំងន់ ឧបករណ៍​វាស់​កម្លាំង​ហ្វ្រាំង​។​
​ ​
​លោកស្រី ស៊ួ​ន គឹម​ស្រ៊ុន បានឱ្យដឹង​ទៀតថា​ខ្សែ​នីមួយៗ អាច​ឆៀករថយន្ត​បានជា​មធ្យម​៩៥​គ្រឿងក្នុង​រយៈពេល​៨​ម៉ោង​។​

​គោលបំណង​នៃ​ការបង្កើត​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​សាខា​ថ្មី​ទី​១៣​នេះ​គឺ​ដើម្បី​ពង្រីក​និង​បង្ខិត​សេវាសាធារណៈ​​ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​បង្ក​ភាពងាយស្រួល​ចំណេញ​ពេលវេលា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការចំណាយ​ផ្សេងៗ​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខណ្ឌ​ច្បារអំពៅ​និង​ខណ្ឌ​ដែល​នៅជាប់​អាច​យក​យានយន្ត​របស់​ខ្លួន​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​ទីតាំង​ថ្មី​នេះ​បាន​៕
​ដោយៈ​សុផល​-​វិបុល​