រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ស្នើសុំ​បំពាក់ស័ក្តិ​និង​របប​ដល់​ឆ្កែ​ហិត​មីន​ចំនួន​១៥​ក្បាល​

1289
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ស្នើសុំ​បំពាក់​ស័ក្តិ និង​របប​ដល់​ឆ្កែ​ហិត​មីន​ចំនួន​១៥​ក្បាល ដែល​រដ្ឋាភិបាល​ឥណ្ឌា​បានផ្តល់​ឲ្យ​កម្ពុជា​នាពេល​កន្លងមក​នេះ​។ ចំណែក​អ្នក​មើលថែ​ឆ្កែ​ហិត​មីន​ទាំង​១៥​ក្បាល​នោះ ក៏ត្រូវ​បាន​ដំឡើង​ស័ក្តិ​ឲ្យ​ដែរ​។
​នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ប្រាប់​ដល់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ជាមួយ​លោកស្រី ម៉ា​ទី ស៊ីថា​រ៉ា​ម៉ាន (Shrimati Nirmala Sitharaman)​រដ្ឋមន្ត្រី​ការពារ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​។​

សម្តេចពិជ័យសេនាទៀបាញ់និងសមភាគីឥណ្ឌា

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា “​ជា​លើកដំបូង​ហើយ​ដែល​យើង​មាន​ឆ្កែ​សម្រាប់​ហិតក្លិន​មីន ។​គឺ​ធ្វើការ​បានល្អ ហើយក៏​ជា​លើកដំបូង​ដែរ​នៅ​កម្ពុជា​របស់​យើង ដែល​ខ្ញុំ​បាន​ស្នើសុំ​ការសម្រេច​បំពាក់​របប និង​ឋានន្តរស័ក្តិ​ដល់​សុនខ (​ឆ្កែ​) ដែល​ហិតក្លិន​មីន​។ ស័ក្តិ​ដែល​ស្នើសុំ​ឲ្យ​សុនខ​នោះ គឺ​ស័ក្តិ​សំខាន់បំផុត ។​ស័ក្តិ​សម្រាប់​វា​ស៊ី (​អាហារ​) ទេ​។ គឺ​វា​ស៊ី​លើស​យើង​ទៀត​។ ប៉ុន្តែ​អ្នក​ដែល​មើលថែ​វា បញ្ជា​វា នាំ​វា​ឲ្យ​ធ្វើការ គឺមាន​ស័ក្តិ​ពិតប្រាកដ​”​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ឥណ្ឌា​បានផ្តល់​ឆ្កែ​ជំនាញ​ហិត​មីន​ចំនួន​១៥​ក្បាល មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​គម្រោង ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដោះមីន​នៅ​កម្ពុជា​៕​មន

 

សុនខហិតមីននៅកម្ពុជា(រូបឯកសារ)

សុនខហិតមីននៅកម្ពុជា(រូបឯកសារ)