រដ្ឋមន្ដ្រី​ផ្ដាំ​ឲ្យ បុគ្គលិក​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​បាត់ដំបង ត្រូវធ្វើ​ឲ្យ​មណ្ឌល​នេះ​ក្លាយជា​គំរូ​

356

ដោយៈ មេសា​/​ភ្នំពេញ ៖  លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​នី​សម្បទា បាន​ថ្លែង​ជំរុញ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំងអស់ នៃ មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម អ្នកជំងឺ​របួស​ខួរឆ្អឹងខ្នង ខេត្តបាត់ដំបង ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ពិសេស​ខិតខំ​ផ្តល់​សេវា ជូន​បងប្អូន​ជនពិការ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ​ឲ្យ​បានល្អ​ប្រសើរ សំដៅ​លើកកម្ពស់​ម​ជ្ឈ​ម​ណ្ឌ ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​ដែលមាន​ស្តង់ដារ​ត្រឹមត្រូវ និង​ជា​មជ្ឈមណ្ឌល​គំរូ​សម្រាប់​បណ្តា​ខេត្ត​ផ្សេងៗ ” ។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម អ្នកជំងឺ​របួស​ខួរឆ្អឹងខ្នង ខេត្តបាត់ដំបង នា​ថ្ងៃទី​១៨ ខែ ឧសភា ឆ្នាំ​២០១៨ ។​

​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ថវិកា​លើ​វិស័យ​សង្គមកិច្ច អប់រំ និង​សុខាភិបាល ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ប្រជាជន​ទទួលបាន សេវា​សង្គម​កាន់តែច្រើន ពិសេស​មាន​ភាពងាយស្រួល ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្កើត ការផ្តល់សេវា​ដល់​ប្រជាជន​ឲ្យ​កាន់តែ​ជិត ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន​គ្រប់រូប និង បានដាក់​ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​២០១៦-២០២៥ ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​របស់​ប្រជាជន ក្នុងការ​គាំពារ​ដល់​ជីវភាព​រស់នៅ​របស់​ជ​ន​ក្រីក្រ​ងាយ​រងគ្រោះ សំដៅ​បង្កើត​នូវ​សេវាសាធារណៈ​មួយ ដែលមាន​លក្ខណៈ​សមស្រប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​ដោះស្រាយ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​លោក គីម តេង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា តាមរយៈ​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម អ្នកជំងឺ​របួស​ខួរឆ្អឹងខ្នង ខេត្តបាត់ដំបង ជា​សមិទ្ធិផល​ដ៏​មាន​សារៈ​សំខាន់បំផុត ក្នុងការ​លើកកម្ពស់​សេវា​ព្យាបាល​អ្នកជំងឺ​ស្របតាម​តម្រូវការ​នាពេល​បច្ចុប្បន្ន ជា​មណ្ឌល​ព្យាបាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដែលមាន​ទីធ្លា​ធំ​ទូលាយ និង​បរិយាកាស​ល្អ ប្រកបដោយ​ផាសុខភាព ព្រមទាំង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​បន្ថែម​ទៅតាម​តម្រូវការ​ជាក់ស្តែង​ថែម​ទៀតផង​។​

​លោក វង សូត ក៏បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា និង សម្ភារ​ប្រើប្រាស់​មួយចំនួន​ដល់​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម អ្នកជំងឺ​របួស​ខួរឆ្អឹងខ្នង ខេត្តបាត់ដំបង​ចំនួន ២៤ នាក់ ,​អតីតយុទ្ធជន និង អតីតមន្ត្រី​រាជការ​ស៊ីវិល ៥០​នាក់ និង​ប្រជាពលរដ្ឋ ៤០០​នាក់ ផងដែរ​៕B

លោក វង សូត អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម អ្នកជំងឺ​របួស​ខួរឆ្អឹងខ្នង ខេត្តបាត់ដំបង