រដ្ឋមន្ដ្រី​សុខាភិបាល អំពាវនាវ​ឱ្យ​កម្មករ​កម្មការិនី​ទៅ​ទទួល​សេវា​សុខភាព​

1139
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង​បាន​អំពាវនាវ​ឲ្យ​កម្មករ​-​កម្មការិនី​​ទៅ​ទទួល សេវា​សុខាភិបាល ដែល​នៅ​ជិត​រោងចក្រ​បំផុត ហើយ​មន្ត្រី​សុខាភិបាល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​បម្រើ​ជូន​បង​​ប្អូន​កម្មករ​កម្មការិនី ។ ការអំពាវនាវ​របស់​លោក ម៉ម ប៊ុនហេង បែបនេះ​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ ។​

​លោក រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​អះអាងថា មន្ដ្រី​សុខាភិបាល ដែល​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាំ​បម្រើសេវា​ជូន​បងប្អូន​កម្មករ​-​កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទៅ ។

​អ្វីៗ​ទាំងអស់នោះ​សុទ្ធសឹងតែ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ដែល​កំពុងតែ​ធ្វើ​​ឲ្យ​ជីវភាព​របស់​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទៅ កាន់​តែមាន​ភាពប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត​។​

​គួរ​ប​រម្លឹកថា នៅក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​៤ ពាន់​នាក់​នៅ​ព្រឹក ថ្ងៃអាទិត្យ ទី​២០ ខែសីហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា ចាប់ពី​ខែមករា ឆ្នាំ​២០១៨​ទៅ ម្ចាស់​ក្រុមហ៊ុន ត្រូវ​ទទួលខុសត្រូវ​បង់ថ្លៃ​សេវា​គាំពារ សុខភាព​កម្មករ​១០០​ភាគរយ ហើយ​ចាប់ពី​ឆ្នាំ​២០១៩​ទៅ កម្មករ​-​កម្មការិនី នឹង​ទទួលបាន​ប្រាក់​ចូលនិវត្តន៍ ដូច​មន្ត្រីរាជការ​ផងដែរ ។ ​ដូច្នេះ​ការអំពាវនាវ​របស់លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង គឺជា​ការគោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ដូចដែល​​បានលើកឡើង​ខាងលើ​នេះឯង ។​

​នាឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ការដែល​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​បង់ថ្លៃ សេវា​គាំពារ​សុខភាព​ជូន​កម្មករ កម្មការិនី នឹងធ្វើ​ឲ្យ​កម្មករ កម្មការិនី អាច​សន្សំ​ប្រាក់​ថ្លៃ​សេវា​សុខភាព​បាន​យ៉ាងតិច ៨​ពាន់​រៀល ទៅ​១​ម៉ឺន​២​ពាន់​រៀល​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់ក​ម្មករ កម្មការិនី​ទាំងអស់​ប្រឹងប្រែង​ធ្វើការ​ងារ​ឱ្យបាន​ល្អប្រសើរ​។​

​គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា បាន​កើន​ដល់ ១.១០៧ គ្រឹះស្ថាន​ខណៈដែល​មាន​​កម្មករនិយោជិត​កើន ឡើង​ជាង​៧៤​ម៉ឺន នាក់ ក្នុងនោះ​វិស័យនេះ​បានផ្តល់​ប្រាក់​ឈ្នួល​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​អាមេរិក​​ក្នុង​មួយឆ្នាំៗ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ប្រមាណ ជាង​៣​លាន​នាក់​។ នេះ​បើតាម​ការប្រកាស​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នាពេល​កន្លងទៅ​៕ដោយៈមេសា/sn

លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ពេល​ចុះ​ជួប​អ្នកជំងឺ​ដែលជា​កម្មករ