រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងទៅចូលរួមសម្ពោធអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាននៅហ្សាការតា

298
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ​នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីចូលរួមជាមួយរដ្ឋមន្រ្តី​ការបរទេស និងអ្នកតំណាងផ្សេងទៀតរបស់ប្រទេសសមាជិកអាស៊ាន ក្នុងពិធីសម្ពោធជាផ្លូវការនូវអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះ។

ក្រសួងការបរទេសបានបន្តថា ពិធីសម្ពោធនេះ ប្រព្រឹត្តទៅចំខួបលើកទី៥២ឆ្នាំ​នៃការបង្កើតអាស៊ាន។ លើសពីនេះ ក៏នឹងមានរៀបចំការដំឡើងប្រអប់ពេលវេលា ដើម្បីរក្សាទុកនូវសារលិខិតរបស់បណ្តាថ្នាក់ដឹកនាំអាស៊ាន ដែលរៀបរាប់ពី​ក្តីសង្ឃឹមនិងការរំពឹងទុកមកលើអាស៊ាន នៅចំពេលខួបលើកទី៧៥ឆ្នាំនៃការបង្កើត​អាស៊ាន នៅឆ្នាំ២០៤២ ខាងមុខផងដែរ។

ការសម្ពោធអគារលេខាធិការដ្ឋានអាស៊ានថ្មីនេះ បង្ហាញឲ្យឃើញនូវតួនាទីកាន់តែ​កើន​ឡើងរបស់លេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការ​ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកំពុងវិវត្តក្នុងសកលលោក និងក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ាន ដែលមានសសរស្តម្ភបីគឺ ៖ សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍​សង្គម-វប្បធម៌៕B/Ha