រដ្ឋមន្ត្រីការបរទេសៈ​កងទ័ព​មួក​ខៀវ​កម្ពុជា​៩​នាក់​មរណៈ​និង​ពលី​,១១​នាក់​រង​បួស​ក្នុងពេល​បំពេញបេសកកម្ម​របស់​អ​.​ស​.​ប​

856
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ នាយទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន​៩​នាក់ បាន​ស្លាប់ និង​ពលី​និង​ចំនួន​១១​នាក់​បាន​រង​បួស​នៅក្នុង​ពេលដែល​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​។​

លោកទេសរដ្ឋមន្រ្តីប្រាក់សុខុន

ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​ប្រាក់​សំណង​៧​ម៉ឺន​ដុល្លារ ជូន​ក្រុមគ្រួសារ​សព​អនុសេនីយ៍ត្រី សួន សំបូរ ដែល​បាន​ពលី​ក្នុងពេល​បំពេញបេសកកម្ម​របស់​អ​.​ស​.​ប​នៅ​សាធារណរដ្ឋ​ម៉ាលី​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​លោក​រដ្ឋមន្ត្រី​បាន​រំលឹកថា​គិត​ចាប់ពី​ឆ្នាំ​២០០៦​រហូតមកដល់​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ជាតិ​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ជាង​៥​ពាន់​នាក់​បាន​ចូលរួម​ក្នុង​បេសកកម្ម​ចំនួន​១០​ក្នុងប្រទេស​ចំនួន​៨​ក្នុងការ​ថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប ដែលជា​គុណសម្បត្តិ​ដ៏​ធំធេង​មួយ​ក្នុងការ​រួមវិភាគទាន​របស់​កម្ពុជា​នៅក្នុង​បុព្វហេតុ​សន្តិភាព នៅលើ​ពិភពលោក​។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក រហូតមកដល់​ពេលនេះ​នាយទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន​៩​នាក់​បាន​​​​​​ស្លាប់ និង​ពលី នៅក្នុង​ពេលដែល​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អ​.​ស​.​ប​។​កាលពី​ឆ្នាំ​២០១៧​គឺជា​ការបាត់បង់​ធំធេង​របស់​យើង ដែល​នៅក្នុងពេល​បំពេញបេសកកម្ម​ត្រឡប់​មកពី​តំបន់​ប្រតិបត្តិ​ការចូលទៅ​បន្ទាយ​​វិញ​គឺ​ត្រូវ​កងកម្លាំង​ប្រា​ដប់​អាវុធ​ឧទ្ទាម​ស្ទាក់​បាញ់​បង្ក​ឲ្យ​ពលី​រហូត​ទៅដល់​៤​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​អះអាងថា “​ក្នុងចំណោម​នាយទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន​៩​នាក់ បាន​ស្លាប់ និង​ពលី គឺមាន​៧​នាក់​បានទទួល​សំណង​ពី​អ​.​ស​.​ប​និង​២​នាក់​ទៀត​មិន​បានទទួល​សំណង​របស់​អ​.​ស​.​ប​ដោយសារតែ​កំហុស​ខាង​វិន័យ កំហុស​វិជ្ជាជីវៈ​របស់ខ្លួន​ផ្ទាល់​។ ខ្ញុំ​មានការ​សោកស្តាយ​”​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​អគ្គ​នាយ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោស​សំអាត​មីន និ​ហ​កាកសំណល់​សង្គ្រាម បាន​ថ្លែងថា ចាប់ពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលបច្ចុប្បន្ន​កងកម្លាំង​កម្ពុជា​ចំនួន​៩​នាក់ បានទទួល​មរណភាព និង​ពលី​ជិវិត និង​រងរបួស​ចំនួន​១១​នាក់ ដោយ​ជំងឺគ្រុនចាញ់ គ្រោះ​ធម្មជាតិ គ្រឿងផ្ទុះ​កែច្នៃ ជាពិសេស​ការវាយប្រហា​រ​ដោយ​ក្រុម​ប្រដាប់អាវុធ​ក្នុង​សាធារណ​អាហ្វ្រិក​កណ្តាល​៕​មន​

ពិធីប្រគល់ប្រាក់សំណង៧ម៉ឺនដុល្លារ ជូនក្រុមគ្រួសារសពអនុសេនីយ៍ត្រី សួន សំបូរ ដែលបានពលីក្នុងពេលបំពេញបេសកកម្មរបស់អ.ស.បនៅសាធារណរដ្ឋម៉ាលីកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នេះនៅទីស្តីការក្រសួងការបរទេស