រដ្ឋមន្ត្រីការបរទេសៈ មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​កម្ពុជា​បានទេ​

880
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ប្រាប់​លោក John Sullivan អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ថា ទាក់ទង និង​ព័ត៌មាន​ស្ដីពី​ការរៀបចំ​មូលដ្ឋាន​កងទ័ពជើងទឹក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​នោះ គឺជា​ពាក្យ​ចចាមអារ៉ាម ដែល​កើតចេញពី​ការកើនឡើង​នៃ ទំហំ​វិនិយោគ​របស់​ចិន នៅ​តំបន់​នោះ​តែប៉ុណ្ណោះ​។

រូបថតពី​ឆ្វេងទៅស្តាំងៈ លោក John Sullivan និងលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

​លោក​បាន​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​របស់ខ្លួន និង​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​របស់ខ្លួន នៅ​បរទេស​ឡើយ លើកលែងតែ​ក្នុង​ក្របខ័ណ្ឌ អង្គការសហប្រជាជាតិ​ដូច​ការបញ្ជូន​កងទ័ព​យើង ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ។ រាជរដ្ឋាភិបាល​កម្ពុជា នឹងមិន​រំលោភ​រដ្ឋធម្មនុញ្ញ​នោះឡើយ​។​
​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក John Sullivan អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ នា​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​នៅក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺ​លោក John Sullivan អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​លើកឡើងថា បញ្ហា​ជា​កង្វល់​ធំ​បំផុត​នៅពេលនេះ គឺពាក់ព័ន្ធ​នឹង​ព័ត៌មាន ដែល​បាន​លើកឡើងថា នឹងមាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា ។ បើ​មានរឿង​បែបនេះ កើតឡើង​មែន​នោះ​វា​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ទំនាក់ទំនង​ទ្វេភាគី​។​

​ចំណែក​ក្រសួងការពារជាតិ​កម្ពុ​ជា កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​បដិសេធ​ច្រានចោល​ការលើកឡើង​រប​ស់​សារព័ត៌មាន Asia Times ដែលថា ប្រទេស​ដទៃ​មានបំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​មូលដ្ឋាន​យោធា សុំ​ចត​នាវាចម្បាំង ហើយ​កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល នៃ​សង្គ្រាមត្រជាក់​រវាង​ចិន និង​អាមេរិក​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ករណី​សារព័ត៌មាន Asia Times ចុះផ្សាយ​ខាងលើ គឺជា​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន គ្មាន​ប្រភព​ច្បាស់លាស់​។ ដោយ​លោក​អះអាងថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ មិន​ចូលបក្ស​សម្ព័ន្ធ ហើយ​រដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ថែរក្សា​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការប៉ុនប៉ង​ទាំងឡាយ ដែល​អូសទាញ​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​សង្គ្រាម​ជាថ្មី ធ្វើយ៉ាងណា​បន្ត​ការអភិវឌ្ឍ​ជាតិ​ឲ្យ​រីកចម្រើន​ទៅមុខ​។ កម្ពុជា​មិនបាន​ចូលរួម​ជាមួយ​សង្គ្រាមត្រជាក់​ណាមួយ ឬ​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ ប្រើប្រាស់​ទឹកដី​របស់ខ្លួន ធ្វើជា​មូលដ្ឋាន​យោធា ដូចដែល​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន​ផ្សាយ​ចោទប្រកាន់​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើកឡើងថា ក្រុម​បរទេស​មួយចំនួន បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​កម្ពុជា ក្នុង​ចេតនា​អាក្រក់ ញុះញង់ ដើម្បី​បំភាន់​សាធារណ​ជនជាតិ​-​អន្តរជាតិ និង​ជា​ចេតនា​បំផ្លាញ​ឯករាជ្យ ភាព​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា​តែប៉ុណ្ណោះ​។​

​សូម​ជ​ម្រា​ថា សារព័ត៌មាន Asia Times កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​ផ្សាយ​ជា​ភាសា​អង់គ្លេស​ថា កម្ពុជា​កំពុង​ក្លាយទៅជា​ដែន​អាណានិគមនិយម​របស់​ប្រទេស​ចិន​។ ប្រទេសជិតខាង​កម្ពុជា និង​សហរដ្ឋអាមេរិក កំពុងតែ​បារម្ភ​ពី​ការសាងសង់​មូលដ្ឋាន​នាវា​មួយ នៅក្នុង​ខេត្តកោះកុង ដែល​ទីនោះ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​សម្បទាន​ដីធ្លី ទំហំ ៤៥០០០ ហិកតា រយៈពេល​៩៩​ឆ្នាំ​ឲ្យ​ទៅ​ចិន​៕ ល​