រដ្ឋមន្ត្រីការបរទេស​កម្ពុជា​អញ្ជើញ​ទៅ​ហ្វីលីពីន​ពិភាក្សា​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន​

159

(​ភ្នំពេញ​)៖​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហ្វីលីពីន រយៈពេល​៣​ថ្ងៃ​គិត​ចាប់​​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ តាម​ការអញ្ជើញ​របស់​លោក អា​ឡាន ភី​ទ័​រ កា​យ៉េ​តា​ណូ (Alan Peter S. Cayetano) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។

​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​​ជាមួយ​លោក រ៉ូ​ឌ្រី​ហ្គោ រ៉ូ ឌូ​តឺ​តេ (Rodrigo Roa Duterte) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក អា​ឡាន ភី​ទ័​រ កា​យ៉េ​តា​ណូ​នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ហ្វីលីពីន លើក​ទី​២ ដែល​ក្នុងឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​នឹង​ពិភាក្សា​​លើ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដូចជា វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចសហប្រតិបត្តិការ​ស​ង្គ​ម និង​វប្បធម៌​។ បញ្ហា​បន្ទាន់​ក្នុង​តំបន់ និង​សកលលោក ក៏​នឹងត្រូវ​លើក​យកមក​ពិភាក្សា ផងដែរ ។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ ដូចខាងក្រោម​៖

​របាយការណ៍​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ហ្វីលីពីន លើក​ទី​២​។ កិច្ចព្រមព្រៀង រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ស្ដីពី​ការទប់ស្កាត់​ការ​លួច និង​ជួញដូរ​ខុសច្បាប់​នូវ​សម្បត្តិ​វប្បធម៌ និង​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​។​

​ក្នុងឱកាស​ដែល​ប្រទេស​ទាំងពីរ កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ហ្វីលីពីន ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នៅ​សាធារណរដ្ឋ​ហ្វីលីពីន នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ទាំង​នៅក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​៕​ដោយៈ មុនី​រ័ត្ន​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា (​រូប​ថ​តៈ​ឯកសារ​)