រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ទៅ​ទស្សនកិច្ច​ផ្លូវការ នៅ​ទួ​ក​គី ពីថ្ងៃ​ទី​១-៣ ខែតុលា

526
ចែករម្លែក

​ដោយ : មុន្នីរ័ត្ន/ភ្នំពេញ ៖ ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ទួ​ក​គី នៅ​ថ្ងៃទី​១-៣ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​ទួ​ក​គី​។​
​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​។

​លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ជួបប្រជុំ​ផ្លូវការ​ជាមួយ​លោក ម៉េ​វ​លូត សា​វូ​សូ​គ្លូ​រ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ទួ​ក​គី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ដែលជា​ការព្រួយបារម្ភ​និង​យកចិត្តទុកដាក់​រួម​ក្នុង​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី តំបន់ និង​អន្តរជាតិ ព្រមទាំង​ផ្តោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ស្វែងរក​សក្តានុពល​ថ្មីៗ​ក្នុងការ​ជម្រុញ​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រទេស​ទាំងពីរ​។​
​នៅ​ចុងបញ្ចប់​នៃ​ជំនួប រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្ឌិតសភា​ការទូត​នៃ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​តួ​ក​គី ហើយ​បន្ទាប់មក​នឹងមាន​សន្និសីទ​ព័ត៌មាន​។​
​លោក ឧបនាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដាក់​កំរងផ្កា​នៅ​វិមាន​អា​នី​ត​កា​បៀ (​វិមាន​គោរព​វិញ្ញាណក្ខន្ធ​) ហើយនឹង​ជួបពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​កិច្ចការបរទេស និង​មិត្តភាព​នៃ​
​រដ្ឋសភា​ទួ​ក​គី​។​

​អាស្រ័យ​ដោយមាន​កំណើន​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​ទួ​ក​គី ក្នុង​ឆ្នាំ​២០១៩ ដែល​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការជំរុញ​​កិច្ចសហ​​ប្រតិបត្តិការ​​​ និង​ភាពជា​ដៃគូ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​៕​B