រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី​-​រ៉ូ​ម៉ា​នី​ពី​ថ្ងៃទី​១១-១៣ ខែធ្នូ​

102

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ដាច់ដោយឡែក​ពីគ្នា នៅ​ប្រទេស​ហុង​គ្រី និង​ប្រទេស​រ៉ូ​ម៉ា​នី ពីថ្ងៃ​ទី ១១ ដល់ ១៣ ខែធ្នូ ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​ដោយឡែក​ពីគ្នា របស់លោក ភី​ធ័​រ ហ្ស៊ី​ចារ​តូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី និង លោក តេ​អូ​ឌ័​រ ម៉េ​ឡិ​ស្កា​នូ រដ្ឋមន្ត្រីការបរទេស​រ៉ូ​ម៉ា​នី ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា (​រូប​ថ​តៈ​ឯកសារ​)​

​ក្រសួង​ការ​បេ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ហុង​គ្រី លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម​ភាគី​ហុង​គ្រី ដើម្បី​ពិភាក្សា និង​ស្វែងរក​លទ្ធភាព​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ និង​សេដ្ឋកិច្ច រួមទាំង​ស្តា​ឡើងវិញ​នូវ​វិស័យ​សក្តានុពល​មួយចំនួន​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​។ រដ្ឋមន្ត្រី​ទាំងពីរ នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ផងដែរ​ទាក់ទង​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់​រួម​។​

​នៅឯ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ នឹងមាន​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន និង​បញ្ចប់​ដោយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​។​

​បន្ទាប់ពី​នោះមក នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើ​ដំណើរ​ឆ្ពោះ​មកកាន់​ប្រទេស​រ៉ូ​ម៉ា​នី សម្រាប់​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​តេ​អូ​ឌ័​រ ម៉េ​ឡិ​ស្កា​នូ រដ្ឋមន្ត្រីការបរទេស​រ៉ូ​ម៉ា​នី ដែល​ក្នុងអំឡុង​ពេលនោះ រដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​ពី​ផលប្រយោជន៍ ដែល​កើនឡើង និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា រវាង​ប្រជាជាតិ​ទាំងពីរ ដោយ​ផ្អែកទៅលើ​ផលប្រយោជន៍​រួម និង​ការគោរព​គ្នា​ទៅវិញទៅមក​។

​នៅឯ​ចុងបញ្ចប់​នៃ​កិច្ចពិភាក្សា​ទ្វេភាគី រដ្ឋមន្ត្រី​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដែល​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ និង​បញ្ចប់​ដោយ​ការធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​។ ទស្សនកិច្ច​ផ្លូវការ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ផ្តល់ឱកាស​ជាថ្មី ដើម្បី​លើក​កំពស់​ចំណងមិត្តភាព​យូរអង្វែង ហើយនឹង​បន្ត​ការប្តេជ្ញាចិត្ត​រឹងមាំ​ដើម្បី​ជំរុញ​កិច្ចសន្ទនា​នយោបាយ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅ​វេទិការ​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​របស់​ភាគី​ទាំងពីរ​។​

​ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុង​គ្រី និង​រ៉ូ​ម៉ា​នី លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​មួយចំនួន នៃ​ប្រទេស​នីមួយៗ​ផងដែរ​។​

​ក្រសួង​ការ​បេ​ទេស​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ឧបនាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​អឺរ៉ុប​ទាំងពីរ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​មើលឃើញ​នូវ​ទំនាក់ទំនង​ការទូត ផលប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែល​កំពុងតែ​រីកចម្រើន និង​ដើម្បី​ស្វែងរក​ការគាំទ្រ​ផ្នែក​នយោបាយ​បន្ថែមទៀត នៅលើ​ឆាក​អន្តរជាតិ​សម្រាប់​បុព្វហេតុ​យុត្តិធម៌ សុច្ចរិត​ភាពជា​តិ និង​ការគោរព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក​៕