រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ទស្សនកិច្ច​នៅ​វៀតណាម​ដើម្បី​មើល​ពី​កំណែទម្រង់សេដ្ឋកិច្ច​

1990
ចែករម្លែក

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនៅថ្ងៃសុក្រទី៣០ខែវិច្ឆិកាខណៈប្រទេសឯកកោនេះស្វែងរកការរៀនសូត្រពីកំណែទម្រង់សេដ្ឋកិច្ចក្រោយពីសម័យសង្រ្គាមនៃប្រទេសវៀតណាមដែលបានផ្លាស់ប្តូរប្រទេសកុម្មុយនិស្តឱ្យទៅជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចំរើនលឿនបំផុតនៅអាស៊ី។

លោក រី យ៉ុង ហូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនេះ ត្រូវបានរំពឹងថានឹងជួបប្រជុំជាមួយក្រុមមេដឹកនាំនៃរដ្ឋាភិបាលក្រុងហាណូយ និងទៅទស្សនាតំបន់អភិវឌ្ឍន៍នានារួមទាំងការនិយាយទៅកាន់ក្រុមអ្នកជំនាញកសិកម្ម។នេះបើយោងតាមបណ្តាញសារព័ត៌មានរដ្ឋនិងប្រភពព័ត៌មានការទូត។

កូរ៉េខាងជើង ដែលមានសេដ្ឋកិច្ចយ៉ាប់យ៉ឺនជាយូរមកហើយដោយសារការដាក់ទណ្ឌកម្មជាច្រើនឆ្នាំនិងភាពឯកោនោះ កំពុងស្វែងរកការរៀនសូត្រពីកំណែទម្រង់សេដ្ឋកិច្ច របស់វៀតណាម ដែលបានចាប់ផ្តើមអនុវត្តកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានYonhap។

សេដ្ឋកិច្ចរបស់វៀតណាមបានរីកចម្រើន នៅពេលប្រទេសនេះបានទទួលយកកំណែទម្រង់ទីផ្សារបានបើកទ្វារឆ្ពោះទៅរកការវិនិយោគបរទេសនិងទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយកំណើនផលិតផលក្នុងស្រុកសរុប(GDP )កើនឡើង៥ភាគរយឬខ្ពស់ជាងនេះអស់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

វៀតណាមមានការរីកចំរើនលឿនដូចនេះខណៈពេលដែលខ្លួនរក្សាបាននូវរដ្ឋឯកបក្សដោយការក្តាប់អំណាចតឹងរឹង ហើយបន្ទូរបន្ថយតិចតួចចំពោះការតវ៉ាប្រឆាំង ដែលជារបបដឹកនាំគំរូមួយដែលក្រុមអ្នកជំនាញនិយាយថា អាចទាក់ទាញរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

កូរ៉េខាងជើងទំនងជាកំពុងប្រើប្រាស់ការទូតដែលល្អប្រសើរនៅពេលថ្មីៗនេះ បន្ទាប់ពីមានកិច្ចជំនួបជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលរួមបញ្ចូលទាំងកិច្ចជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុននិងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីខែមិថុនាដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ នេះបើយោតាមអ្នកជំនាញការវៀតណាមលោកខាល់ ថៃល័រ បានប្រាប់ទីភ្នាក់សារព័ត៌មានបារាំង។

តាមប្រភពការទូតមួយនៅទីក្រុងហាណូយបានប្រាប់ទីភ្នាក់សារព័ត៌មានបារាំង ថា លោក រី យ៉ុង ហូ បានគ្រោងនឹងទៅទស្សនាឧទ្យានបច្ចេកវិទ្យានៅជិតទីក្រុងនេះនិងជួបជាមួយក្រុមអ្នកជំនាញមកពីបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មវៀតណាម។

លោក រី យ៉ុង ហូ ក៏នឹងជួបជាមួយសមភាគីវៀតណាម របស់លោកផងដែរ គឺ លោកផាំ ប៊ិញមិញ និងនាយករដ្ឋមន្ត្រី លោក ង្វៀន សួនហ្វ៊ុក៕ដោយ៖សុខា/sn

លោក រី យ៉ុង ហូ បានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើន ដោយរួមទាំងវៀតណាមអ៊ីរ៉ង និង រុស្ស៊ី