រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ហៅ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថា​ជា​”​រុក្ខជាតិ​ពុល​”

306
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​ទី​២៣​ខែ​សីហា​នេះ​បាន​ហៅ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក លោក ម៉ៃ ផ​មផេវ​ថា​ជា​”​រុក្ខជាតិ​ពុល​”​នៃ​ការទូត​អាម៉េរិក​​ហើយ​បាន​ប្តេជ្ញា​បញ្ចប់​ចំណង់​ដែល​មិន​សម​ហេតុផល ដែលថា​ការដាក់ទណ្ឌកម្ម​នឹង​បង្ខំ​ឱ្យមាន​ការផ្លាស់ប្តូរ​នៅ​ទីក្រុង​ព្យុងយ៉ាង​។​

​ពាក្យសម្តី​វោហារសាស្ត្រ​ដ៏​ក្រេវក្រោធ​របស់​កូរ៉េខាងជើង​នេះ​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការរំពឹង​ទុក​សម្រាប់​ការបន្ត​ការចរចា​នុយក្លេអ៊ែរ​ឡើងវិញ​រវាង​ប្រទេស​ទាំង​២​នេះ​។ អ្នកការទូត​​ជាន់ខ្ពស់​អាម៉េរិក​ម្នាក់ បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ចាប់ផ្តើម​ការចរចា​ឡើងវិញ​គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​កងទ័ព​​អាម៉េរិក​និង​កូរ៉េខាងត្បូង​បញ្ចប់​សមយុទ្ធ​របស់​ពួកគេ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ហៅថា ការហ្វឹកហាត់​សម្រាប់​ការឈ្លានពាន​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុង ហូ​(Ri Yong Ho )​បាន​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ជំទាស់​ប្រឆាំង​ការលើកឡើង​របស់​លោក ម៉ៃ ផ​មផេវ​នៅក្នុង​បទសម្ភាសន៍​មួយ ​ដែល​ក្នុងនោះ លោក​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​រក្សា​ទណ្ឌកម្ម​ដាក់ទណ្ឌកម្ម​ខ្លាំង​ទៅលើ​កូរ៉េខាងជើង បើសិន​ខ្លួន​មិន​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។​

​លោក រី យ៉ុង ហូ បាន​និយាយថា​លោក​មិន​បណ្តោយ​ឱ្យ​ការនិយាយ​ដោយ​មិន​ប្រុងប្រយ័ត្ន​” ដោយ ម៉ៃ ផ​ម​ផេវ ដែល​ចេះ​តែ​និយាយៗ​ទៅ​នោះ​ទេ ដោយសារ​ការ​និយាយ​បែប​នោះ ​បាន​កើតឡើង​ចំ​ពេល​ដែល​អាច​ចាប់ផ្តើម​ឡើង​វិញ​នូវ​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​។ លោក រី យ៉ុង ហូ បាន​និយាយថា​លោក ម៉ៃ ផ​ម​ផេវ គឺជា​”​បុរស​គឃ្លើន​”​ពីព្រោះ​គាត់​”​បាន​សុំ​ឱ្យ​​រំសាយ​អាវុធ​នុយក្លេអ៊ែ​កូរ៉េ​ខាងជើង​និង ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​នៅពេលដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុង​យ៉ាង​និង​ជួប​មេដឹកនាំ​លោក​គីម​​ជុង​អ៊ុន​ជាច្រើន​ដង​។​

​កាលពី​ខែ​មេសា កូរ៉េ​ខាងជើង​បាន​ទាមទា​រ​ឱ្យ​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ​ដក លោក ម៉ៃ ផ​ម​ផេវ ចេញ​ពី​ការចរចា​នុយក្លេអ៊ែ​រ​។​

​លោក រី យ៉ុង ហូ បាន​និយាយថា​កូរ៉េខាងជើង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់ ទាំង​ការចរចា​និង​ការប្រឈមមុខ​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​កូរ៉េ​ខាងជើង​នឹង​ព្យាយាម​នៅតែ​ជា​” ​ការគំរាមកំហែង​ដ៏​ធំ​បំផុត​របស់​អាម៉េរិក​”​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​បន្ត​ប្រឈមមុខ​នឹង​កូរ៉េខាងជើង​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​។​

​លោក រី យ៉ុង ហូ បាន​និយាយ​ដូច​នេះ​គឺ ទំនងជា​ចង់​និយាយ​សំដៅ​ទៅលើ​ការអត្ថាធិប្បាយ​ដោយ​លោក មៃ ផ​មផេវ​នៅក្នុង​ពេល​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​Washington Examiner កាលពីដើម​សប្តាហ៍​នេះ​។ នៅក្នុង​បទសម្ភាសន៍​នោះ លោក មៃ ផ​ម​ផេវ បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​រក្សា​ដាក់ទណ្ឌកម្ម​ដ៏​តឹងរឹង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​ហើយ​បាន​បញ្ចុះបញ្ចូល លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​ថា រឿង​ត្រឹមត្រូវ​សម្រាប់​ពួកគេ​ធ្វើ​នោះ គឺ​រំលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​”៕​ដោយ​៖​សុខា​/sn

​លោក ម៉ៃ ផ​ម​ផេវ ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ លោក រី យ៉ុង ហូ នៅ​អាកាសយានដ្ឋាន Sunan នៅ​ទីក្រុង​ព្រុង​យ៉ាង កាលពី​ឆ្នាំ​២០១៨

#