រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹង​អញ្ជើញ​ទៅ​ក្រុង​ញូវយ៉ក​សប្តាហ៍​ក្រោយ​

236
ចែករម្លែក
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​នេះ​ថា​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ តំណាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង ដឹកនាំ គណៈប្រតិភូ ចូលរួម កិច្ចពិភាក្សា​ទូទៅ នៃ មហា សន្និបាត អង្គការ សហប្រជាជាតិ លើក​ទី​៧៤ ក្រោម មូលបទ «​ជំរុញ​កិច្ច ប្រឹងប្រែង ពហុភាគី សម្រាប់ ការ លុប បំបាត់ ភាព ក្រីក្រ ការអប់រំ​ប្រកបដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិ​យា​ប័ន្ន​» និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ពី ថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ ទីក្រុង ញូវយ៉ក​។​
ប្រភព​ដដែល​បន្តថា​នៅ​ទីនោះ​លោក​ឧបនាយករដ្ឋមន្ត្រី នឹង អញ្ជើញ ធ្វើ សេចក្ដី ថ្លែងការណ៍ ផ្ដោត លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម សមិទ្ធិផល​សំខាន់ៗ ឆ្ពោះទៅ​គោលដៅ អភិវឌ្ឍន៍ សហស្ស​វត្សរ៍ និង​កិច្ច ប្រឹងប្រែង ឆ្ពោះ ទៅ គោលដៅ អភិវឌ្ឍន៍ ប្រកប ដោយ ចីរភាព​របស់​កម្ពុជា និង​សារសំខាន់ នៃ កិច្ច ប្រឹង ប្រែង រួម ក្នុង ការ ដោះ ស្រាយ បញ្ហា​ការ ប្រែប្រួល អាកាសធាតុ ភេរវកម្ម អំពើ​ជ្រុលនិយម​និង​អ​ច​ន្តិ​និយម និង​ការគំរាមកំហែង​សន្តិសុខ​មិន​ប្រពៃណី​។ លោក​ក៏​នឹង​រំលេច​បញ្ហា សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ពហុភាគី​និយម តួនាទី​ច្បាប់​អន្តរជាតិ ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ព័ត៌មាន​ក្លែងបន្លំ និង​បញ្ហា​តំបន់​និង អន្តរជាតិ ដែល មាន​ផលប្រយោជន៍​និង ការ ព្រួយ បារម្ភ រួម នៅ ក្នុង សេចក្ដី ថ្លែងការណ៍ នេះ ផង ដែរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ (រូបឯកសារ)


ប្រភព​ដដែល​បន្ថែមថា​ក្រៅពី​អញ្ជើញ​ចូលរួម​មហា សន្និបាត​នេះ​លោក ឧបនាយករដ្ឋមន្ត្រី នឹង មាន ជំនួប ទ្វេ ភាគី ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក ថូ​ម៉ាស ភេ​ទ្រី​សេក (Tomas Petricek) រដ្ឋមន្ត្រី ការបរទេស​នៃ​សាធារណរដ្ឋ​ឆែក និង​លោក សឺរ​ហ្គេ​យ ឡាវ​រ៉ូ​វ (Sergey V. Lavrov) រដ្ឋមន្ត្រី ការបរទេស​នៃ​សហព័ន្ធរុស្ស៊ី​។​លោ​កប​នាយករដ្ឋមន្ត្រី ក៏​រំពឹងថា​នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មួយចំនួន​ផ្សេងទៀត រួមទាំង អគ្គលេខាធិការ អង្គការ សហប្រជាជាតិ ផង ដែរ​។​


ស្របពេល ជាមួយ​មហា សន្និបាត​នេះ​គណៈ ប្រតិភូ កម្ពុជា ក៏​នឹង ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រៅផ្លូវការ​នៃ សន្និសីទ​ស្ដីពី​អន្តរ​កម្ម​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​តំបន់​អាស៊ី​(CICA),​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ (NAM) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍ​តិចតួច (LDCs) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ដៃគូ​សហប្រតិបត្តិការ​អា​ស៊ី (ACD) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រៅផ្លូវការ (IAMM) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៤ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (IUMM) ព្រមទាំង​កិច្ចប្រជុំ​ជាច្រើន​ទៀត​៕​សរន​