រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃទី​៨ ខែមេសា​

1281
ចែករម្លែក
លោក តារ៉ូ កូណូរដ្ឋមន្រ្តីការបរទេសជប៉ុន(រូបស្ថានទូតជប៉ុន)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដោយ​ប្រកាស​ក្នុង​ថ្ងៃ​តែមួយ​ដាច់ដោយឡែក​ពីគ្នានៅរសៀលថ្ងៃទី៦ខែមេសានេះ​ស្ថាន​ទូត​​​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា ​បានបញ្ជាក់​អំពី​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក តា​រ៉ូ កូ​ណូ​(Taro Kono)​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​​នៅ​កម្ពុ​ជានា​ថ្ងៃអាទិត្យ​ទី​៨​ខែមេសា​ខាងមុខ​ជាមួយនឹងទស្សនកិច្ចនេះក៏នឹងមានការចុះហត្ថលេខាជំនួយឥតសំណងនិងជំនួយឥណទាន​​ប្រមាណ​ជាង​៩.០០០​លាន​យ៉េន​ដល់​កម្ពុជា​​(១​ដុល្លារ​អាមេរិក​ស្មើ នឹង១០៧,៣យ៉េន)​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា​លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែមេសា ។ ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក កូ​ណូ នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាន​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​សេចក្តីប្រកាស​បាន​បន្ថែ​ម​ថា​ឆ្នាំនេះ គឺជា​ឆ្នាំ​នៃ​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុននិងកម្ពុជា ដូច្នេះ​យើង​សង្ឃឹមថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​លើ​គ្រប់​វិស័យ​។​

​ដោយឡែក​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា​វិញ​បាន​បញ្ជាក់ថា​ក្នុងអំឡុងពេល ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក តា​រ៉ូ កូ​ណូ នឹង​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ប្រភព​ដដែល​បន្ថែមថា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ដូចខាងក្រោម​៖
១- ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន (¥៥០០,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​
២- ឥណទាន​សម្បទាន​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៩.២១៦ លាន​យ៉េន (¥៩,២១៦,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២៕​មន