រដ្ឋមន្ត្រីការបរទេស​ជប៉ុន​និយាយថា ប្រទេស​គាត់​នឹង​បើកទូលាយ​ចំពោះ​ជនបរទេស​ឱ្យ​ចូលមក​រស់នៅ​និង​ធ្វើការ​

740
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក ថា​រ៉ូ កូ​ណូ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កញ្ញា​ថា ប្រទេស​ជប៉ុន​កំពុង​ត្រៀមខ្លួន​ទទួលយក​ពលករ​បរ​ទេស​បន្ថែមទៀត ខណៈ​ចំនួន​ប្រជាជន​របស់ខ្លួន​កំពុង​ធ្លាក់ចុះ​យ៉ាងគំហុក​។​

​លោក​កូ​ណូ​បាន​ប្រាប់​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ហាណូយ​ថា ជប៉ុន​ទទួលបាន “​តម្លៃបន្ថែម​” ដោយ​ការទទួលយក​ជនបរទេស ជាពិសេស​ដោយសារ​ប្រជាជនមាន​វ័យ​ចំណាស់​និង​អត្រាកំណើត​ទាប​បានន័យថា ប្រទេស​នេះ​កំពុង​ថយចុះ​ចំនួន​ប្រជាជន​កន្លះ​លាន​នាក់​ក្នុង​មួយឆ្នាំ​។​

​លោក​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​នានា​ក្នុងអំឡុងពេល​កិច្ចពិភាក្សា​នោះ​ថា “​យើង​មិនអាច​ទ្រទ្រង់​សង្គម​របស់​យើង​ដូច្នេះ​បានទេ​។ យើង​កំពុង​បើកទូលាយ​ប្រទេស​របស់​យើង​។ យើង​កំពុងបើក​ទីផ្សារការងារ​របស់​យើង​ដល់​ជនបរទេស​។ ឥឡូវនេះ​យើង​កំពុង​ព្យាយាម​បង្កើត​គោលនយោបាយ​អនុញ្ញាតិ​ការងារ​ថ្មី​ដូច្នេះ​ខ្ញុំ​គិតថា​មនុស្ស​គ្រប់គ្នា​នឹងត្រូវ​បាន​ស្វាគមន៍​នៅក្នុង​ប្រទេស​ជប៉ុន​ប្រសិនបើ​ពួកគេ​មានបំណង​ចូលរួម​ក្នុងសង្គម​ជប៉ុន​”​។​

​ប្រទេស​ជប៉ុន​តាម​ទម្លាប់​គឺ​តែង​ជំទាស់​នឹង​ការទទួលយក​ពលករ​បរទេស ដែល​ពេលខ្លះ​ក៏​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​បែបនេះ ប៉ុន្តែ​ក្រោយមក​ក៏បាន​ដាក់​កំហិត​ជាថ្មី​ម្តងទៀត​អំឡុងពេល​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។ ជនជាតិ​ជប៉ុន​ជាច្រើន​មិន​ស្រណុកចិត្ត​ជាមួយ​មនុស្ស​មកពី​ក្រៅ ដែល​មិនចេះ​និយាយ​ភាសា​របស់​ពួកគេ ឬ​មិនចេះ​សម្រប​ខ្លួន​ដូច​ការរំពឹងទុក​រប​ស់​ពួក​ជប៉ុន​នោះទេ​។​

​ទោះយ៉ាងណា នៅតែមាន​ជនបរទេស​រាប់លាន​នាក់​កំពុង​រស់នៅ​ក្នុងប្រទេស​ជប៉ុន​រួមទាំង​អ្នក​ដែល​ធ្វើការ​នៅក្នុង​កម្មវិធី ដែល​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​បច្ចេកទេស​ឬ​ឧស្សាហកម្ម​ដែល​ខ្វះ​កម្លាំង​ពលកម្ម ដូចជា ភោជនីយដ្ឋាន ការដ្ឋាន​សាងសង់ និង​ការថែទាំ​មនុស្ស​ចាស់​។​

​ប្រទេស​នេះ​បាន​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់​នូវ​ការ​រឹតបន្តឹង​ដើម្បីឱ្យ​គ្រួសារ​ទាំងឡាយ​អាច​ជួល​ជនបរទេស​មក​ធ្វើការ​តាម​ផ្ទះ​។ ជប៉ុន​ក៏មាន​កម្មវិធី​ខ្លីៗ​ផងដែរ​ដើម្បី​ជួល​អ្នកបម្រើ​បរទេស​មកពី​ឥណ្ឌូនេស៊ី​និង​បណ្តា​ប្រទេស​ដទៃទៀត​។ ប៉ុន្តែ​ការទាមទារ​ឱ្យ​ចេះ​ភាសា​ជប៉ុន​បានធ្វើឱ្យ​រយៈពេល​ធ្វើការ​យូរអង្វែង​ក្នុង​ការងារ​បែបនេះ​ជួប​ការលំបាក​។​

​លោក​កូ​ណូ​បានលើកឡើង​អំពី​តារា​តេ​ន្នី​ស​នាង ណា​អូ​មី អូ​សា​កា ដែលមាន​ម្តាយ​ជនជាតិ​ជប៉ុន​និង​ជា​ឪពុក​ជនជាតិ​ហៃ​ទី ជា​ឧទាហរណ៍​នៃ​អត្ថប្រយោជន៍​នៃ​ការស្វាគមន៍​អ្នក​ខាងក្រៅ​។ នាង​អូ​សា​កា​ដែល​បានកើត​នៅក្នុង​ប្រទេស​ជប៉ុន​ប៉ុន្តែ​បាន​ធំ​ឡើង​នៅក្នុង​សហរដ្ឋអាមេរិក​ត្រូវបាន​សាទរ​ដោយ​ជនជាតិ​ជប៉ុន​ក្នុងនាម​ជាម​នុស្ស​ស្រី​ដំបូង​គេ​មកពី​ប្រទេស​នេះ​ដែល​ឈ្នះ​ពានរង្វាន់​តេ​ន្នី​ស​ទោល​ក្នុង​ក្របខ័ណ្ឌ Grand Slam​។​

​លោក​កូ​ណូ​បាន​និយាយថា “​វា​ជា​រឿង​ល្អ​ដែលមាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​។ វា​ជា​ការល្អ​ដែលមាន​គោលនយោបាយ​បើកចំហ​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក ថា​រ៉ូ កូ​ណូ ថា​ជប៉ុន​នឹង​ស្វាគមន៍​ជនបរទេស​ចូលមក​ប្រទេស​ខ្លួន