រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ឡេ​ស្តេ​៖​កម្ពុជា​គឺជា​ប្រទេស​គំរូ​មួយ ក្នុងការ​ដឹកនាំ​កសាង និង​ការអភិវឌ្ឍ​

804
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ ​៖ ​លោក ឌី​យ៉ូ​នី​ស្យូ ដា កូ​ស​តា បា​បូ សូ​រេស (Dionisio da Costa Babo Soares) រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ បាន​មានប្រសាសន៍ថា​៖« ប្រទេស​កម្ពុជា និង​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ មាន​ប្រវត្តិសាស្ត្រ និង​អតីតកាល​ដូចគ្នា ក្នុង​បរិបទ​សង្គ្រាម​ដែល​ប្រទេស​ទាំង​ពីរបាន​ជួបប្រទះ​។ ប្រទេស​កម្ពុជា គឺជា​ប្រទេស​គំរូ​មួយ ក្នុងការ​ដឹកនាំ​កសាង និង​ការអភិវឌ្ឍ​ប្រទេស​»​។​

​លោក ឌី​យ៉ូ​នី​ស្យូ ដា កូ​ស​តា បា​បូ សូ​រេស បាន​លើកសរសើរ​កម្ពុជា​ដូច្នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភា​។​

លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នាឱកាស​នេះ គឺ​ទីមួយ​ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​។ ទី​ពីរ​ពិភាក្សាគ្នា​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ក្នុង​បរិបទ​អង្គការ​អាស៊ាន​។​

ឆ្លៀត​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ កាលពី​ឆ្នាំ​២០១៦ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពង្រឹងពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រ​ត្តិ​ការ ក្នុង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ទៅលើ​ឆាក​អន្តរជាតិ​។​

លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​ប្រទេស​កម្ពុជា ដែលនាំឱ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន ជាពិសេស​ធ្វើឱ្យមាន​ការអភិវឌ្ឍ និង​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​យ៉ាងរឹងមាំ​។ វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​នេះ គឺជា​បទពិសោធន៍​សម្រាប់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ក្នុងការ​សិក្សា​ស្វែងយល់​។

លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ទៀតថា តាមរយៈ​ជំនួប​ជាមួយនឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​អំពី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយបាន​ផ្តោតជាសំខាន់​លើ​ការងារ​ជាច្រើន ដែល​ភាគី​ទាំងពីរ​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ជាពិសេស​លើ​វិស័យ​បច្ចេកទេស សេដ្ឋកិច្ច​។ ជាងនេះទៅទៀត ក្នុង​ក្របខ័ណ្ឌ​ពហុភាគី ប្រទេស​ទី​ម័​រ​ឡេ​ស្តេ គឺជា​ផ្នែក​មួយ​នៃ​អង្គការ​អន្តរជាតិ ប៉ុន្តែ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ពុំទាន់​ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​នោះទេ ដូច្នេះហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​

គណៈប្រតិភូ​នាពេលនេះ គឺ​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ក្នុងការ​គាំទ្រ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​។ តាមរយៈ​ជំនួប​ជាមួយនឹង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំទ្រ​ឱ្យ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ចូល​ជា​សមាជិក​អាស៊ាន​។ ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គោរព​ស្នើសុំ​សម្តេច​ប្រធានព្រឹទ្ធសភា គាំទ្រ​ឱ្យ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ក្លាយទៅជា​ប្រទេស​នៅក្នុង​សមាជិក​អាស៊ាន​។​

​ ​
​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​រដ្ឋមន្ត្រី​និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នាឱកាស​នេះ ពិត​ជាមាន​សារសំខាន់​ដល់​ការពង្រឹង​ពង្រីក​ចំណង មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។​

នៅក្នុង​ឱកាស​នោះដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឌី​យ៉ូ​នី​ស្យូ ដា កូ​ស​តា បា​បូ សូ​រេស ដែល​បាន​ថ្លែង​សរសើរ​អំពី​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​
​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយបាន​មើលឃើញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​។ ការរីកចម្រើន​នេះ ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​ជំនាញ ក៏ដូចជា​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។

សម្តេច​ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់ថា ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស វប្បធម៌ ដឹកជញ្ជូន និង​វិស័យ​អប់រំ​។​ល​។ សម្តេច​ប្រធានព្រឹទ្ធសភា សូម​លើកទឹកចិត្ត​ចំពោះ​រដ្ឋាភិបាល​ប​នៃ​ប្រទេស​ទាំ​ពីរ ក្នុងការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម ជំរុញ​ការផ្លាស់ប្តូរ​ទេសចរណ៍ វប្បធម៌ និង​ការផ្លាស់ប្តូរ​មនុ​ស្សរវា​ង​ប្រទេស​ទាំងពីរ​។

ជាមួយគ្នានេះ សម្តេច​ប្រធាន​ព្រឹទ្ធ​ភា​បាន​សម្តែង​នូវ​ការអបអរសាទរ​និង​វាយតម្លៃ​ចំពោះ​វឌ្ឍនភាព​ខាង​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​និង​សូម​ប្រសិទ្ធពរ​ឱ្យ​ប្រជាជន​និង​រដ្ឋាភិបាល​ទី​ម័​រ​ឡេ​ស្តេ​បន្ត​រីកចម្រើន​ប្រកបដោយ​វឌ្ឍនភាព​និង​វិបុលភាព​។

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថា ដូច​អ្វីដែល​លោក​រដ្ឋមន្ត្រី​បានលើកឡើង​អំពី​ការគាំទ្រ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ស​ម្តេ​ម​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ជា​មា​ជិ​ក​អាស៊ាន​សភា​ កម្ពុជា​ក៏​សូម​គាំទ្រ​សភា​ទី​ម័​រ​ឡេ​ស្តេ​ជា​សមាជិក​អាយ​ប៉ា​ផងដែរ​៕B/