រដ្ឋមន្ត្រីការបរទេស​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ហ្វីលីពីន​ថ្ងៃទី​៥-៨ សីហា​

928
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល នៃ​សាធារណរដ្ឋ​ហ្វីលីពីន តាម​ការអញ្ជើញ​របស់​លោក​អា​ឡាន ភី​ទ័​រ កា​យ៉េ​តា​ណូ​រដ្ឋមន្ត្រី​ការ​បរ​​ទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។ នេះ​បើ​យោងតាម​ការជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​នឹងមាន​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​​អាស៊ាន​លើក​ទី​៥០ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​១៨ កិច្ចប្រជុំ​រដ្ឋមន្ត្រី​​ការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៧ វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៤ និង​ពិធី​អបអរសាទរ​ទិវា​អាស៊ាន ខួប​លើក​ទី​៥០​។​

​ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​នឹងធ្វើ​ជា​សហ​​ប្រធាន​កិច្ចប្រជុំ “​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស បូក​សាធារណរដ្ឋ​កូរ៉េ​” ជាមួយ​លោកស្រី កាង ឃ្យុ​ង​វ៉ា​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ​។

​ក្រោម​មូលបទ “​រួមគ្នា​ជា​ដៃគូ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ រួមចំណែក​ជាមួយ​ពិភពលោក​” កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ផ្តោតជាសំខាន់​លើ​ការកំណត់​របៀបវារៈ​អា​ស៊ាន​ក្នុងឋានៈ​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​សាកលលោក​បន្ទាប់ពី​៥​ទសវត្សរ៍​នៃ​ការចាប់បដិសន្ធិ​។ ស្រប​ជាមួយគ្នានេះ ដោយ​ពិចារណា​លើ​ផ្នែក​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​និង​ដំណើ​រវិ​វត្ត​នៃ​និ​ម្មា​បន​​កម្ម​តំបន់ អាស៊ាន​បានក្លាយ​ខ្លួន​ទៅជា​តំបន់​ដែលមាន​ការប្រកួតប្រជែង​មួយ ក្នុងចំណោម​ប្រទេស​មហាអំណាច​សំខាន់ៗ​លើ​ផ្នែក​​សន្តិសុខ និង​សេដ្ឋកិច្ច​។​

​ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ដទៃទៀត​ដូចជា​៖ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​លើក​ទី​១០ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន លើក​ទី​១០ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​- គង្គា លើក​ទី​១០៕​ដោយៈ មុនី​រ័ត្ន​