រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែសថា បង់​ក្លា​ដែស មិន​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ការតាំង​ទី​លំនៅ​របស់​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​

3056
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែស បាន​និយាយប្រាប់​សារព័ត៌មាន​Sputnik កាលពី​ថ្ងៃ​ចន្ទ​ទី​២​មេសា​ថា បង់​ក្លា​ដែស មិន​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ក្រុម​ជន​ភៀស​​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​ជាង​កន្លះ​លាន​នាក់ ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ខែ​សីហា​ឆ្នាំមុន​ហើយ​មក​បោះជំរំ​រស់នៅក្នុង​ព្រំដែន​របស់​ខ្លួន​​នោះទេ ។​

​ជាមួយ​នឹង​ប្រជាជន​ជាង​១៦៥​លាន​នាក់ ដែល​រស់នៅ​តំបន់​មួយ​មាន​ផ្ទៃដី​១៤៣.៩៩៨​គីឡូម៉ែត្រ​ការ៉េ​នោះ បង់​ក្លា​ដែស​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​​មាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក ។​

​បន្ទាប់ពី​មាន​ការបង្ក្រាប​ដោយ​យោធា​លើ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា នៅ​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំមុន ក្រុម​ជនភៀសខ្លួន​ជាង​៦២០.០០០​នាក់​បាន​រត់​ភៀសខ្លួន​​ឆ្លងកាត់​ព្រំដែន ចូល​ប្រទេស​បង់​ក្លា​ដែស ហើយ​បោះជំរំ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​។​

​ប្រទេស​បង់​ក្លា​ដែស​និង​មី​យ៉ាន់​ម៉ា​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការធ្វើ​មាតុភូមិនិវត្តន៍​ជន​ភៀស ខ្លួន​កាលពី​ខែវិច្ឆិកា​តែ​ដំណើរការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​ត្រូវបាន​​ពន្យារពេល​ជាច្រើន​ដង​ដោយសារ ជនភៀសខ្លួន​ជាច្រើន​បាន​ជំទាស់​នឹង​ការបញ្ជូន​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ ដោយសារតែ​មាន​ក្តីបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​៕ដោយៈសុខា/sn

​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រស់នៅក្នុង​ជំរំ នៅ​ប្រទេស​បង់​ក្លា​ដែស​