រដ្ឋមន្ត្រីការបរទេស​បារាំង​ពិភាក្សា​ជាមួយ​អ៊ីរ៉ាក់​អំពី​ការផ្ទេរ​យុទ្ធជន​ជី​ហាដ​ពី​ស៊ី​រី​មក​កាត់ទោស​នៅ​អ៊ីរ៉ាក់​

163
ចែករម្លែក

​អ្នកការទូត​ជាន់ខ្ពស់​បារាំង​បានធ្វើ​កិច្ចចរចា​នៅ​ទីក្រុង​បា​កដាដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​តុលា​ស្តីពី​ការផ្ទេរ​ពួក​ជី​ហាដ​បរទេស​ពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​សម្រាប់​ការកាត់ទោស​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​បន្ទាប់ពី​ការវាយលុក​របស់​តួ​ក​គី​បង្កឱ្យមាន​ការបារម្ភ​អំពី​ការទម្លាយគុក​រត់គេច​ខ្លួន​ទ្រង់ទ្រាយ​ធំ​។​

​រដ្ឋាភិបាល​អឺរ៉ុប​នានា​មានការ​ព្រួយបារម្ភ​ថា​ប្រតិបត្តិការ​របស់​តួ​ក​គី​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ​នឹង​អនុញ្ញាត​ឱ្យមាន​ការរត់​គេចខ្លួន​ពី​សំណាក់​ក្រុម​អ្នក​ប្រយុទ្ធ​របស់​រដ្ឋ​អ៊ីស្លាម​សង្ស័យ​ចំនួន ១២.០០០ នាក់​រួមទាំង​ជនបរទេស​រាប់ពាន់នាក់​ទៀត​ដែល​ចាប់ឃុំខ្លួន​ដោយ​ពួក​ឃឺ​ដ​ស៊ី​រី​។​

​បញ្ហា​នេះ​គឺ​ស្ថិតនៅលើ​របៀបវារៈ​កំពូល​សម្រាប់​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក​ហ្ស​ង់​យ៉េ​វី​ស ឡឺ​ដេ​រី​យ៉ង់ នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​សម​ភាគី​អ៊ីរ៉ាក់​លោក​ម៉ូ​ហា​ម៉េ​ដ អា​លី អាល់​-​ហា​គីម ប្រធានាធិបតី​បា​ហាំ សា​ឡេះ និង នាយករដ្ឋមន្ត្រី អា​ឌែ​ល អាប់​ឌែ​ល ម៉ា​ឌី​។​

​លោក​ឡឺ​ដេ​រី​យ៉ង់​និយាយថា​លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ាក់​នៅ​ទីក្រុង​បា​កដាដ និង​ទីក្រុង​អា​ប៊ី​ល ដែលជា​រដ្ឋធានី​នៃ​តំបន់​ស្វយ័ត​ឃឺ​ដ អំពី “​វិធី​អនុវត្ត​យន្តការ​យុត្តិធម៌​សមស្រប​មួយ​” ដើម្បី​កាត់ទោស​អ្នក​ប្រយុទ្ធ​ជនជាតិ​បារាំង​និង​អ្នក​ប្រយុទ្ធ​បរទេស​ដទៃទៀត​នៅក្នុង​លក្ខខណ្ឌ​ល្អ​បំផុត​។​

​ប្រភព​ការទូត​បារាំង​មួយ​បាន​និយាយថា​គោលបំណង​គឺ​យក​ជន​ជី​ហាដ​បរទេស​ទៅ​កាត់ទោស​នៅក្នុង​តុលាការ​អ៊ីរ៉ាក់​ខណៈ​ប្រកាន់ខ្ជាប់​គោលការណ៍​ជាក់លាក់​នៃ​យុត្តិធម៌​និង​ការគោរព​សិទ្ធិមនុស្ស​។​

​ក្រុម​សិ​ទិ្ធ​មនុស្ស​បានលើកឡើង​នូវ​ការបារម្ភ​ថា អ្នក​ជាប់ឃុំ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ប្រឈម​នឹង​ការធ្វើ​ទារុណកម្ម​និង​មិនមាន​ការធានា​ចំពោះ​ការកាត់ក្តី​ដោយ​យុត្តិធម៌​នោះទេ​។​

​បណ្តា​ប្រទេស​អឺរ៉ុប​ប្រឆាំងនឹង​ការកាត់ទោស​ប្រហារជីវិត​ប៉ុន្តែ​អ៊ីរ៉ាក់​បាន​កាត់ទោស​ប្រហារជីវិត​ពួក​ជី​ហាដ​សង្ស័យ​ជាច្រើន​រយ​នាក់​រួចទៅហើយ ទាំង​ដោយ​គ្មាន​ការជំនុំជម្រះ​ទាល់តែសោះ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ាក់​លោក​ហា​គីម​ក៏បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​កាត់ទោស​និង​នាំមក​នូវ​យុត្តិធម៌​ចំពោះ​យុ​ទ្ឋ​ជនបរទេស​ផងដែរ ប៉ុន្តែ​ការិយាល័យ​របស់លោក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅពេល​ក្រោយមក​នោះ​ថា អ៊ីរ៉ាក់​មិន​ចង់បាន “​ពួក​ភេរវ​ករ​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន ដែល​អនុវត្ត​ការវាយប្រហារ​នៅក្រៅ​ប្រទេស​អ៊ីរ៉ាក់​នោះទេ​”​។​

​ប្រភព​បារាំង​មួយ​បាន​និយាយថា កិច្ចពិភាក្សា​រវាង​មន្ត្រី​អ៊ីរ៉ាក់​និង​បារាំង​បាន​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​។​

​បណ្តា​ប្រទេស​អឺរ៉ុប​បាន​បញ្ជូន​មន្ត្រី​ក្នុង​បេសកកម្ម​បច្ចេកទេស​ទៅកាន់​ទីក្រុង​បា​កដាដ​នៅ​សប្តាហ៍​នេះ​ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​នេះ​៕ ដោយ៖ កញ្ញាដាលីស

កងកម្លាំង​ឃឺ​ដ​យាមកាម​សាច់ញាតិ​របស់​អ្នក​ប្រយុទ្ធ​អាយ​ស៊ី​ស