រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​សាទរ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-300 របស់​រុស្ស៊ី​

946
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​លោក វ៉ា​លី​ដ អាល់ ម៉ូ​អាល់​ឡិ​ម បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​តុលា​ថា ផ្ទៃមេឃ​របស់​ស៊ី​រីនឹង​ត្រូវបាន​ការពារ​ដោយ​ប្រព័ន្ធ​ការពារ​អាកាស S-300 របស់​រុស្ស៊ី ដែល​ទើបតែ​ត្រូវបាន​ដាក់ពង្រាយ​។​

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Al-Mayadeen កាលពី​ថ្ងៃ​អង្គារ លោក​ម៉ូ​អាល់​ឡិ​ម​បាន​សាទរ​ចំពោះ​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល S-300 ចម្ងាយ​ឆ្ងាយ​បាញ់​ពី​ផ្ទៃដី​ទៅ​អាកាស​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​ជួយ​ជំរុញ​ការការពារ​ដែនអាកាស​របស់​ស៊ី​រី​ប្រឆាំងនឹង​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នាពេល​អនាគត​។​

​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក សឺ​ហ្គេ សយ​ហ្គូ បាន​ប្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ថា​ប្រព័ន្ធ S-300 និង​សម្ភារៈ​សឹក​បន្ថែម​ជាច្រើន​ទៀត​ត្រូវបាន​ដឹក​ទៅដល់​ប្រទេស​ស៊ី​រី​ដើម្បី​បង្កើន​សន្តិសុខ​រប​ស់បុ​គ្គ​លិ​ក​យោធា​រុស្ស៊ី​នៅ​ទីនោះ​។​

​ចំណាត់ការ​របស់​រុស្ស៊ី​បាន​កើតឡើង​បន្ទាប់ពី​ការបាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​រុស្ស៊ី​មួយគ្រឿង​ដោយ​ចៃដន្យ​ពី​សំណាក់​កងកម្លាំង​អាកាស​របស់​ស៊ី​រី​កាលពី​ខែ​មុន​អំឡុងពេល​មានការ​វាយប្រហារ​តាម​អាកាស​ពី​អ៊ីស្រាអែល​មកលើ​ទីតាំង​យោធា​ស៊ី​រី​នៅក្នុង​ខេត្ត​ឡា​តា​គា​របស់​ស៊ី​រី​។​

​រុស្ស៊ី​បាន​បន្ទោស​ឧបទ្ទវ​ហេតុដែល​បានសម្លាប់​អាកាសយានិក​រុស្ស៊ី​ទាំង ១៥ នាក់​នៅលើ​យន្ដហោះ​នោះ ទៅលើ​អ៊ីស្រាអែល ដែល​រុស្ស៊ី​និយាយថា​បាន​ប្រើ​យន្តហោះ​របស់​រុស្ស៊ី​បន្លំ​ខ្លួន​អំឡុង​ការ​វាយឆ្មក់​តាម​អាកាស​។​

​លោក អាល់ ម៉ូ​អាល់​ឡិ​ម បាន​និយាយថា ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ដ៏​ទំនើប​នេះ​គឺជា​មហិច្ឆតា​របស់​ស៊ី​រី​។​

​លោក​បាន​និយាយថា គោលបំណង​នៃ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ម្តង​ហើយ​ម្តងទៀត​ទៅលើ​មូលដ្ឋាន​យោធា​ស៊ី​រី​គឺ​សំដៅ​បំផ្លាញ​ជ័យជម្នះ​របស់​កងទ័ព​ស៊ី​រី ដែល​បាន​ដណ្តើម​កាន់កាប់​ទឹកដី​ស៊ី​រី​ជាង ៩០ ភាគរយ​មកវិញ​។​

​លោក​បាន​និយាយថា ស្ថានភាព​កំពុងមាន​ភាពប្រសើរឡើង​ក្នុងការ​ការពារ​ដែនអាកាស​ស៊ី​រី​ពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល ដោយ​កត់សម្គាល់ថា ទំនាក់ទំនង​រុស្ស៊ី​-​ស៊ី​រី​គឺ​កំពុងមាន​ភាពល្អប្រសើរ​បំផុត​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​ការពារ​អាកាស S-300 របស់​រុស្ស៊ី​ដឹក​មកដល់​ស៊ី​រី
#