រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ស្វាគមន៍​ការផ្តល់ជូន​របស់​ចិន​អំពី​ការចរចា​ពាណិជ្ជកម្ម​សេរី​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​

537
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក ជេ​រ៉េមី ហាន់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា​ថា លោក​ស្វាគមន៍​ចំពោះ​ការផ្តល់ជូន​ការចរចា​របស់​ចិន​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ Brexit (​ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​) ខណៈដែល​រូបលោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង​ដើម្បី​ព្យាយាម​ពង្រឹង​ទំនាក់ទំនង មុនពេល​ចាកចេញ​ពី​អឺរ៉ុប​នៅ​ឆ្នាំក្រោយ​។​

​លោក​ហាន់ ដែល​ទើបត្រូវ​បានតែងតាំង​កាលពី​ដើមខែ​នេះ កំពុងស្ថិត​នៅក្នុង​រដ្ឋ​ធានី​ចិន​ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស វ៉ាង យី និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត​នៅក្នុង​ដំណើរ​ទស្សនកិច្ច ដែល​នឹង​រួមបញ្ចូល​ទាំង​ការឈប់​សំចត​នៅ​ទីក្រុង​ប៉ារីស​និង​ក្រុង​វី​យែ​ន​ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​អឺរ៉ុប​របស់លោក​អំពី Brexit​។​

​លោក​ហាន់​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ថា “​យើង​បាន​ពិភាក្សា​ពី​សំណើ​ដែល​បានធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វ៉ាង យី ដើម្បី​បើក​ការពិភាក្សា​អំពី​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ចក្រភព​អង់គ្លេស​និង​ចិន​។ យើង​ស្វាគមន៍​រឿង​នេះហើយ​និយាយថា យើង​នឹង​ស្វែងយល់​ពី​វា​”​។​

​ចក្រភព​អង់គ្លេស​កំពុង​វាយតម្លៃ​ជម្រើស​ពាណិជ្ជកម្ម​ក្រោយ​ចាក​ចេញពី​អឺរ៉ុប​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​លោក លៀម ហ្វុ​ក បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​កំពុង​បោះជំហាន​មុខ​ជាមួយនឹង​ផែនការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋអាមេរិក នៅពេលដែល​ខ្លួន​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

​តាម​ការ​លាតត្រដាង​មួយ​បានឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា លោកស្រី​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា មេ បាន​បញ្ជូន​រដ្ឋមន្ត្រី​ជាច្រើន​នាក់​ទៅកាន់​រដ្ឋ​ជា​សមាជិក​ចំនួន ២៧ ផ្សេងទៀត​នៃ​សហភាព​អឺរ៉ុប​ដើម្បី​ព្យាយាម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ទ្វារក្រោយ បន្ទាប់ពី​ប្រធាន​អ្នកចរចា​របស់​រដ្ឋាភិបាល​បែលហ្ស៊ិក លោកស្រី មី​ឆែ​ល បា​ណែរ បានលើកឡើង​នូវ​ផែនការ​បម្រុង​អំពី Brexit របស់លោក​ស្រី​។​

​កិច្ចព្រមព្រៀង​ជាគោលការណ៍​ស្តីពី​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​ប្លុក​ពាណិជ្ជកម្ម​អឺរ៉ុប​ដែល​គ្រោងទុក​នៅ​ថ្ងៃទី ២៩ ខែមីនា​ឆ្នាំ ២០១៩ ត្រូវតែ​សម្រេច​ឱ្យបាន នៅមុន​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​នៅ​ពាក់កណ្តាល​ខែតុលា​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក ជេ​រ៉េមី ហាន់ ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ចន្ទ​នេះ