រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ធី​ល​ល័​រ​សុន នឹង​ទៅកាន់ ប្រទេស​ហ្វីលីពីន ថៃ និង ម៉ាឡេស៊ី​

1088
ចែករម្លែក

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក នឹងធ្វើ​ដំណើរ​ទៅកាន់ ប្រទេស​ហ្វីលីពីន ថៃ និង ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​៥​ខែសីហា​ដល់​ថ្ងៃទី​៩​ខែសីហា​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា លោក​ធី​ល​ល័​រ​សុន​នឹងចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​អ្នកការទូត​អាស៊ាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និង ពិភាក្សា​អំពី “​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​សន្តិសុខ​សមុទ្រ និង ការប្រឆាំង​អំពើ​ភេរវកម្ម​”​។​

​នៅ​ប្រទេស​ថៃ លោក ធី​ល​ល័​រ​សុន នឹង​សម្តែង​ការគោរព​របស់លោក​ចំពោះ​ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត ដែល​បាន​ចូល​ទិវង្គត​កាលពី​ឆ្នាំ​២០១៦ និង ពិភាក្សា​អំពី​ទំនាក់ទំនង​អាមេរិក​-​ថៃ​ជាមួយ​ក្រុមមន្ត្រី​នៅ​ទីនោះ ។ នៅ​ប្រទេស​ម៉ាឡេស៊ី លោក នឹង​ពិភាក្សា អំពី​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ក្រុមមន្ត្រី​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា “​ការធ្វើដំណើរ​របស់លោក ធី​ល​ល័​រ​សុន បញ្ជាក់​ឡើងវិញ អំពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ដើម្បី​ពង្រីក​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលប្រយោជន៍​សន្តិសុខ​និង​សេដ្ឋកិច្ច​អាមេរិក នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​”៕ ដោយ៖ សុខា

​លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក