រដ្ឋមន្ត្រីការបរទេស​អាមេរិក​និយាយ​ថា កូរ៉េខាងជើង ត្រូវ​រំលាយ​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដែល​ដូណាល់ ត្រាំ ទៅ​ក្រសួង​ការបរទេស​

3134
ចែករម្លែក

​លោក​ម៉ៃ ផ​ម​ផេវ​( Mike Pompeo)​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២​ឧសភា​ថា កូរ៉េខាងជើង​ត្រូវ​ប្តេជ្ញា​រំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ។ លោក​​បាន​និយាយ​ដូចនេះ នៅ​អំឡុង​ពេល​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ក្រសួងការបរទេស ជា​ទី​ដែល​លោក ត្រូវបាន​គាំទ្រ​យ៉ាងខ្លាំង​ដោយ​លោក ដូ​ណា​ល់ ត្រាំ​ ប្រធានាធិបតី​អាមេរិក​។​

​វា​ជា​លើក​ទី​មួយ​របស់​លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​ក្រសួងការបរទេស ជា​ទី​ដែល លោក ត្រូវបាន​ទទួល​ស្វាគមន៍ ដោយ​មនុស្ស​រាប់រយ​នាក់​។

​ដោយ​ថ្លែង​សរសើ​រលោក Mike Pompeo អំពី​បទ​ពិសោធន៍ និង​ដែល​ធ្លាប់ធ្វើ​ជា​ប្រធាន​ក្រុម​CIA នោះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ” នោះ​ជា​ស្មារតី​​ដ៏​ល្អ​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់បាន​ដឹង​ពី​ក្រសួងការបរទេស​អស់​រយៈពេល​ជា​យូរ​មក​ហើយ​”​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​បណ្តេញ លោក​រិច ធី​ល​លឺ​សុន រដ្ឋមន្ត្រីការបរទេស​ទី​មួយ​របស់​លោក កាលពី​ខែ​មីនា បន្ទាប់ពី​មាន​ការជំទាស់​ជា​សាធារណ​លើ​បញ្ហា​​កូរ៉េខាងជើង អ៊ីរ៉ង់ និង​រុស្ស៊ី ។ ក្រសួងការបរទេស​នេះ​មាន​បញ្ហា​គោលនយោបាយ​ការបរទេស​ដ៏​ធំ​និង​រង្គោះរង្គើ ដោយ​ការលាលែង​របស់​ក្រុម​អ្នកការទូត​ជាន់ខ្ពស់​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់ លោក Mike Pompeo នៅ​ចំពោះមុខ អនុ​ប្រធានាធិបតី លោក ម៉ៃ ផេ​នស៍ នៅ​ពិធី​ស្បថ​ចូលកាន់​តំណែង​នោះ​ថា ” ខ្ញុំ​មិន​មាន​មន្ទិល​​សង្ស័យ​ទេ​ដែល​ថា​អ្នក​នឹង​ធ្វើឱ្យ​អាមេរិក​មាន​មោទនភាព ក្នុងនាម​ជា​អ្នកការទូត​សំខាន់​របស់​យើង​នោះ​” ។​

​លោក Mike Pompeo ដែល​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន កាលពី​ពេល​ថ្មីៗ​ដោយ​សម្ងាត់​នោះ បាន​និយាយថា​កូរ៉េខាងជើង​ត្រូវតែ​ប្តេជ្ញា​លុប​​បំបាត់​ជាបន្ទាន់​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយ​បន្ថែម​ថា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នោះ​គឺ​ស្ថិត​​ក្នុង​ដំណាក់កាល​ចាប់ផ្តើម​នៅឡើយ​ទេ និង លទ្ធផល​យ៉ាង​ណា​នោះ គេ​មិនដឹង​ទេ ៕ដោយ៖សុខា/sn

​លោក Mike Pompeo ថ្លែង​នៅ​ពិធី​ស្បថ​ចូលកាន់​តំណែង ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ក្រសួង​ការបរទេស​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ពុធ