រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ផ​ម​ផេ​វ ហោះ​ទៅ​ព្យុងយ៉ាង ដើម្បី​បង្ហើយ​ផែនការ​កិច្ចប្រជុំ​កំពូល​រវាង​ត្រាំ​និង​គីម ជុង​អ៊ុន​

1084
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ បានធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ឧសភា​ដើម្បី​បង្ហើយ​នូវ​សេចក្តីលម្អិត​នៃ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ដែល​បានគ្រោង​ទុក​រវាង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​លោក​ត្រាំ​បានប្រកាស​អំពី​បេសកកម្ម​នេះ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ មុនពេល​លោក​ផ​ម​ផេ​វ​មកដល់​ជប៉ុន​ដើម្បី​ចាក់​ប្រេង​យន្តហោះ មុនពេល​ហោះ​ទៅ​ទីក្រុង​ព្យុងយ៉ាង និង​ខណៈដែល​លោក​ប្រធានាធិបតី​បានប្រកាសថា លោក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប​ច្ចា​មិត្រ​អាមេរិក​ដ៏​ជូរចត់​មួយទៀត​គឺ អ៊ីរ៉ង់​។​

​ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា លោក​ផ​ម​ផេ​វ​នៅ​ថ្ងៃ​ពុធ​ទី​៩​ឧសភា​នេះ​ក៏​នឹង​ជំរុញ​ផងដែរ​ឱ្យ​កូរ៉េខាងជើង​ដោះលែង​ពលរដ្ឋ​អាមេរិក​៣​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន ដែល​ត្រាំ​រំពឹងថា​កូរ៉េខាងជើង​នឹង​ដោះលែង​ភ្លាមៗ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​សម្តែង​ការមិនសប្បាយចិត្ត​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការ​លើកឡើងថា​សម្ពាធ​ដ៏​ធំ​របស់​អាមេរិក​បាន​ជំរុញ​ឱ្យ​លោក​គីម​វិល​ទៅរក​តុ​ចរចា​។​

​លោក​ត្រាំ​និយាយ​នៅឯ​សេត​វិមាន​ថា “​ខណៈពេល​នេះ រដ្ឋមន្ត្រីការបរទេស ផ​ម​ផេ​វ កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដើម្បី​រៀបចំ​កិច្ចប្រជុំ​នាពេលខាងមុខ​របស់ខ្ញុំ ជាមួយ គីម ជុង​អ៊ុន​”​។​

​លោក​បាន​និយាយថា “​ផែនការ​នានា​កំពុង​ត្រូវបាន​បង្កើតឡើង ទំនាក់ទំនង​កំពុង​ត្រូវបាន​កសាងឡើង សង្ឃឹមថា​កិច្ចព្រមព្រៀង​មួយ​នឹង​កើតឡើង​ដែរ ហើយដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ចិន កូរ៉េខាងត្បូង និង​ជប៉ុន អនាគត​នៃ​ភាពរុងរឿង​និង​សន្តិសុខ​ដ៏​អស្ចារ្យ​អាច​សម្រេចបាន​សម្រាប់​ម​នុស្ស​គ្រប់គ្នា​”៕ ដោយ៖ កញ្ញាដាលីស

លោក គីម ជុង​អ៊ុន និង ដូ​ណា​ល់ ត្រាំ