រដ្ឋមន្ត្រីការបរទេស​អាមេរិក ៖ ជម្រើស​ល្អ​មិនមាន​ច្រើន​សម្រាប់​កូរ៉េខាងជើង​ទេ បើសិន​ការជំរុញ​សន្តិភាព បរាជ័យ​

967
ចែករម្លែក

លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​៧​កក្កដា​ថា មិនមាន​ជម្រើស​ល្អ​ច្រើន​នៅសល់​សម្រាប់​កូរ៉េខាងជើង​ទេ បើសិន​យុទ្ធនាការ​ជំរុញឱ្យមាន​សន្តិភាព ដែល​សហរដ្ឋអាមេរិក​បាន​ជំរុញ​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង បរាជ័យ​នោះ​។​

លោក ធី​ល​ល័​រ​សុន បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​យើង​មិន​បោះបង់​ការសង្ឃឹម​ទេ​” ។​

លោក​ធី​ល​ល័​រ​សុន​បាន​និយាយ​ដូចនេះ គឺ បន្ទាប់ពី លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​កំពូល G20 គឺ​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី កូរ៉េខាងជើង បាន​សាកល្បង​អ្វីដែល​ត្រូវបាន​គេ​ជឿថា ជាការ​សាកល្បង​ទីមួយ​របស់ខ្លួន​
​នៃ​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM )​។​

​លោក ធី​ល​ល័​រ​សុន បាន​និយាយថា ការជាប់​ពាក់ព័ន្ធ​របស់​អាមេរិក​ក្នុងការ​បង្កើន​ការគាបសង្កត់​លើ​កូរ៉េខាងជើង តាមរយៈ​ការដាក់ទណ្ឌកម្ម​នោះ បាន​ត្រូវការ​ការអត់ធ្មត់​។​

លោក​បាន​និយាយថា “​ខ្ញុំ​បាន​ហៅ វា ថា​ជា​យុទ្ធនាការ​ជំរុញឱ្យមាន​សន្តិភាព​… នេះ​គឺជា​យុទ្ធនាការ​មួយ ដែល​នាំ​យើង​ទៅរក​ដំណោះស្រាយ​សន្តិភាព ប៉ុន្តែ បើសិន ការ​នេះ បរាជ័យ​នោះ យើង​មិនមាន​ជម្រើស​ល្អ​ច្រើន​នៅសល់​នោះទេ ។ វា​នឹងមាន​ការគាបសង្កត់​ខ្លាំង​ឡើង ដែល​ជំរុញ​របប​នេះ​ឱ្យ​ឆ្លើយតប​ទៅនឹង​ការដាក់​សម្ពាធ​នោះ ហើយ វា​នឹង​ត្រូវការ​ពេលវេលា​បន្តិចទៀត​ដើម្បីឱ្យ​រឿង​ទាំងនេះ កើតឡើង​”​។

កាលពី​ថ្ងៃ​សុក្រ សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បាន​ព្រមព្រៀងគ្នា​ជំរុញឱ្យមាន​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ។ ក្រុម​អ្នកការទូត​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ប្រគល់​សេចក្តី​ពង្រាង​ស្តីពី​សេចក្តីសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ឱ្យទៅ​ចិន​៕ ​ដោយ ៖សុខា

លោក ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ លោក​មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង និង លោក ស៊ិន​ហ្សូ អា​បេ មេដឹកនាំ​ជប៉ុន នៅមុន​កិច្ចប្រជុំ​កំពូល G20 នៅ​អាល្លឺម៉ង់ កាលពី​សុក្រ