រដ្ឋមន្ត្រីការបរទេស​អូ​ម៉ង់​ធ្វើដំណើរ​ទៅ​អ៊ីរ៉ង់​ខណៈ​ដែល​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង​

401
ចែករម្លែក

​ក្រសួង​ការបរទេស​នៃ​ប្រទេស​អូ​ម៉ង់​បាន​និយាយ​ថា​រដ្ឋមន្ត្រីការបរទេ​ស​អូ​ម៉ង់​លោក Yusuf bin Alawi បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុងតេអេ​រ៉ង់​ប្រទេស​អ៊ីរ៉ង់​កាលពី​​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​ដើម្បី​ជួប​សម​ភាគី​អ៊ីរ៉ង់​របស់លោក គឺ​លោក Mohammad Javad Zarif ចំ​ពេល​មាន​ការកើនឡើង​នៃ​ភាព​តានតឹង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​ក្រសួង​នេះ បាន​និយាយថា ” ក្រុម​រដ្ឋមន្ត្រី​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ជាតិ​ជា​មិត្ត​ទាំង​២ និង​ការ​វិវឌ្ឍន៍​ចុងក្រោយ​បំផុត​នៅក្នុង​តំបន់​និង​នៅ​ឆាក​អន្តរ​​ជាតិ ” ។​

​ប្រទេស​អូ​ម៉ង់​បានធ្វើជា​អ្នកសម្របសម្រួល​ជាច្រើន​លើក​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក អ៊ីរ៉ង់ និង​បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​នេះ​។​

​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​បាន​កើត​ឡើង​ជា​លើកដំបូង​កាលពី​ឆ្នាំមុន​នៅពេល​ដែល​សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ជាមួយ​អ៊ីរ៉ង់​ហើយ​បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ឡើងវិញ​ប្រឆាំង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នេះ​។ នៅ​ឧសភា​នេះ អ៊ីរ៉ង់​បាន​សម្រេចចិត្ត​បញ្ឈប់​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​កិច្ច​ព្រម​​ព្រៀង​នុយក្លេអ៊ែរ​នេះ​។​

​អ៊ីរ៉ង់​ក៏បាន​ផ្តល់​ឱ្យ​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​មាន​បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី ចិន និង សហភាព​អឺរ៉ុប នូវឧ​សានវាទ​ដោយ​និយាយថា​ខ្លួន​​នឹង​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​ក្នុងរយៈពេល​៦០​ថ្ងៃ​បើសិនជា​ពួកគេ​មិន​បាន​ការពារ​អ៊ីរ៉ង់​ពី​ការដាក់ទណ្ឌកម្ម​ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក​នោះទេ​គឺ​បន្ទាប់​​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ កាលពី​ឆ្នាំមុន​។​

​ប្រទេស​ទាំង​២ (​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​)​ត្រូវបាន​រាយការណ៍​ថា​បាន​បង្កើន​វត្តមាន​យោធា​នៅក្នុង​តំបន់​នោះ​ទោះបីជា​មាន​ការ​ថ្លែង​បញ្ជាក់​របស់​ក្រុម​មេ​ដឹក​នៃ​ប្រទេស​ទាំងនេះ ​អំពី​បំណង​របស់​ពួកគេ​ក្នុង​ការបញ្ចៀស​ជម្លោះ​យោធា​ក៏ដោយ​។​

​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ នាវាចម្បាំង មី​ស៊ី​ល យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 និង​យន្តហោះ​ចម្បាំង​F-15 ច្រើន​គ្រឿង​​ទៅ​កាន់​តំបន់​នោះ​។ នេះ​បើ​យោង​តាម​មន្ទីរ​បញ្ច​កោ​ណ​។

​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​និយាយថា​អ៊ីរ៉ង់​មិន​មាន​បំណង​ធ្វើសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ប៉ុន្តែ នឹង​បន្ត​ទប់ទល់​នឹង​រដ្ឋា​ភ​បាល​ក្រុង​​វ៉ាស៊ីនតោន​៕​ប្រែ​សម្រួល​៖​សុខា​

រដ្ឋមន្ត្រីការបរទេស​អូ​ម៉ង់ លោក Yusuf bin Alawi បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ​