រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ កំពុង​ស្ថិតនៅ​ប៉ា​គី​ស្ថាន​ ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​អាម៉េរិក​

655
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បាន​រិះគន់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរឱ្យកត់សម្គាល់​ទៅកាន់​ប៉ា​គី​ស្ថាន​ក្នុង​គ្រា​ដែលមាន​វិបត្តិ​ដ៏​រង្គោះរង្គើ​រវាង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​និង​ក្រុង​វ៉ាស៊ីនតោន​និង​នៅមុន​កិច្ចប្រជុំ​បន្ទាន់​របស់​សម្ព័ន្ធ​អារ៉ាប់ ដែល​កោះប្រជុំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ភាព​តានតឹង​នៅក្នុង​តំបន់​។​

​សម្តី​របស់លោក​ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (Mohammad Javad Zarif) គឺជា​ពាក្យសម្តី​ចុងក្រោយ​បំផុត​នៅក្នុង​សង្គ្រាមពាក្យសម្តី​រវាង​លោក​និង​លោក​ត្រាំ​។ អ្នកការទូត​អ៊ីរ៉ង់​រូបនេះ​កាលពី​ថ្ងៃ​សុក្រ​ បាន​វាយ​សំពង​ទៅលើ​ប្រធានាធិបតី​អាម៉េរិក​ចំពោះ​ការសរសេរ​លើ Twitter របស់លោក​នៅ​ដើម​សប្តាហ៍​នេះ ដោយ​ព្រមាន​អ៊ីរ៉ង់​កុំ​គំរាម​សហរដ្ឋអាម៉េរិក​ជាថ្មី​ម្តងទៀត​ ឬ​មិន​អ៊ីចឹង​ទេ​អ៊ីរ៉ង់​នឹង​ប្រឈម “​ទីបញ្ចប់​ជា​ផ្លូវការ​” របស់ខ្លួន​។​

​លោក​ហ្សា​រី​ហ្វ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ពាក់កណ្តាល​ផ្លូវការ Fars របស់​អ៊ីរ៉ង់​ដោយនិយាយ​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ថា “​អ៊ីរ៉ង់​នឹង​ឃើញ​ទីបញ្ចប់​របស់​ត្រាំ ប៉ុន្តែ​លោក​នឹង​មិនឃើញ​ទីបញ្ចប់​របស់​អ៊ីរ៉ង់​នោះទេ​”​។​

​ភាព​តានតឹង​បាន​កើនឡើង​កាលពីពេល​ថ្មីៗ​នេះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​ខណៈដែល​សេត​វិមាន​កាលពី​ដើមខែ​នេះ​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​តំបន់​នេះ​ជុំវិញ​ការគំរាមកំហែង​មិនអាច​ពន្យល់បាន​ដែល​អាម៉េរិក​ទទួលបាន​ពី​អ៊ីរ៉ង់​។ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា​ មន្ទីរ​បញ្ច​កោណ​បាន​លើក​នូវ​សំណើ​នានា​ឱ្យ​សេត​វិមាន​បញ្ជូន​កងកម្លាំង​យោធា​ទៅ​មជ្ឈិមបូព៌ា​ដើម្បី​បង្កើន​ការការពារ​ប្រឆាំងនឹង​អ៊ីរ៉ង់​។​

​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ្សា​រី​ហ្វ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន កន្លែង​ដែល​លោក​ធ្វើ​កិច្ចចរចា​ជាមួយ​សម​ភាគី​ប៉ា​គី​ស្ថាន​ លោក​សា មេ​មូ​ដ ក្វ្រេ​ស៊ី (Shah Mehmood Qureshi) និង​លោកនាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ គឺ​មិន​បញ្ចេញ​ឱ្យដឹង​ជា​សាធារណៈ​នោះទេ​។​

​ប៉ុន្តែ​មានការ​រំពឹងទុក​ថា​ អ៊ីរ៉ង់​កំពុង​សម្លឹងមើល​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​និង​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​ប៉ា​គី​ស្ថាន​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​លោក​ហ្សា​រី​ហ្វ លោក​ខាន់​បាន​និយាយថា “​ប៉ា​គី​ស្ថាន​បាន​ត្រៀមខ្លួន​ប្រើប្រាស់​ទំនាក់ទំនង​មិត្តភាព​របស់ខ្លួន​នៅក្នុង​តំបន់​ដើម្បី​ជួយ​បន្ថយ​ភាព​តានតឹង​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​បងប្អូន​និង​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​…​សង្គ្រាម​មិនមែនជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ណាមួយ​ឡើយ​”៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក​ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (​ឆ្វេង​) និង សម​ភាគី​ប៉ា​គី​ស្ថាន​លោក​សា មេ​មូ​ដ ក្វ្រេ​ស៊ី ជួបពិភាក្សា​គ្នា​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កាលពី​ថ្ងៃ​សុក្រ