រដ្ឋមន្ត្រីការបរទេស​អាមេរិក បដិសេធ​ការចោទប្រកាន់​របស់​កូរ៉េខាងជើង​ថា​ជា ” ជន​អន្ធពាល “

3032
ចែករម្លែក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ បានច្រានចោលការចោទប្រកាន់ដោយកូរ៉េខាងជើងថាលោកបានចូលរួមក្នុងអាកប្បកិរិយា ” ជនអន្ធពាល ” នៅក្នុងដំណើរទស្សនកិច្ចនៅទីនោះ(នៅកូរ៉េខាងជើង)។

បន្ទាប់ពី២ថ្ងៃនៃកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីជាន់ខ្ពស់ លោក ម៉ៃ ផមផេវ បាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរមានការគាំទ្រជាអន្តរជាតិ។

លោក បានសង្កត់ធ្ងន់ថា ការរំលាយចោលអាវុធនុយក្លេអ៊ែរគឺជាលក្ខខណ្ឌមួយសម្រាប់ការលុបចោលការដាក់ទណ្ឌកម្ម។

វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ម៉ៃ ផមផេវ ទៅកាន់កូរ៉េខាងជើង ចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែមុនរវាង លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ។

មេដឹកនាំកូរ៉េខាងជើងនេះនិយាយថាលោកប្តេជ្ញាថានឹងលុបបំបាត់អាវុធនុយក្លេអ៊ែរប៉ុន្តែការប្តេជ្ញានេះនឹងត្រូវបានសម្រេចបានតាមរបៀបណានោះ គឺ មិនច្បាស់លាស់ទេ​។

លោក ម៉ៃ ផមផេវ មិនបានជួប លោក គីម ជុង អ៊ុន ទេប៉ុន្តែ កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍លោក បានធ្វើជំនួបពិភាក្សាជាមួយ លោក គីម ជុង ឆុល ជាមនុស្សជំនិតដៃស្តាំរបស់មេដឹកនាំកូរ៉េខាងជើងនេះ អំពីថាតើត្រូវដំណើរការរំលាយចោលអាវុធនុយក្លេអ៊ែរយ៉ាណានោះ។

បន្ទាប់មក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាសហរដ្ឋអាមេរិកបានប្រឆាំងនឹងស្មារតីនៃកិច្ចប្រជំនួបកំពូលនេះដោយធ្វើការជាឯកតោភាគីដើម្បីដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង៕ដោយ:សុខា/SN

លោកម៉ៃ ផមផេវ បានសង្កត់ធ្ងន់ថា ការរំលាយចោលអាវុធនុយក្លេអ៊ែរគឺជាលក្ខខណ្ឌមួយសម្រាប់ការលុបចោលការដាក់ទណ្ឌកម្ម