រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ កាលពីថ្ងៃអង្គារទី ១០ កក្កដាបានចោទប្រកាន់អ៊ីរ៉ង់ថាបានប្រើស្ថានទូតរបស់ខ្លួនដើម្បីរៀបចំផែនការវាយប្រហារភេរវកម្មនៅអឺរ៉ុបហើយបានព្រមានរដ្ឋាភិបាលក្រុងតេហេរ៉ង់នេះថាសកម្មភាពរបស់ខ្លួន ជាការបង្កការខាត់បង់និងការខូចខាត បន្ទាប់ពីខ្លួនគំរាមទប់ស្កាត់ការផ្គត់ផ្គង់ប្រេងមជ្ឈិមបូព៌ា។
ការអត្ថាធិប្បាយរបស់លោក ផមផេវ បានធ្វើឡើងក្នុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជាសម្ព័ន្ធមិត្តអាមេរិកដ៏រឹងមាំ និង ស្របពេលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ចប់កិច្ចពិភាក្សារយៈពេល៣ថ្ងៃនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតអំពីការប្រឆាំងការគំរាមកំហែងពីអ៊ីរ៉ង់
និងអំពីប្រាក់ចំណូលប្រេង។
លោក ផមផេវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Sky News Arabia ថា “គ្រាន់តែមួយសប្តាហ៍កន្លងទៅនេះ ជនជាតិអ៊ីរ៉ង់ច្រើននាក់ត្រូវបានចាប់ខ្លួននៅអឺរ៉ុប ដោយសារពួកគេនេះរៀបចំផែនការភេរវកម្មនៅប៉ារីស ប្រទេសបារាំង។ យើងមើលឃើញសកម្មភាពភេរវកម្មនេះ ជាការបង្កគ្រោះថ្នាក់នៅអឺរ៉ុប” ។
ក្រុមការងារអាមេរិកនៅអារ៉ាប់ប៊ីសាអ៊ូឌីតបានផ្តោតសំខាន់លើការចាប់ខ្លួនអ្នកការទូតអ៊ីរ៉ង់ម្នាក់កាលពីដើមខែនេះ នៅក្រុងវីយែនប្រទេសអូទ្រីស ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនៅក្នុងផែនការបំផ្ទុះគ្រាប់បែកនៅកន្លែងប្រមូលផ្តុំអ្នកប្រឆាំងអ៊ីរ៉ង់នៅប្រទេសបារាំងកាលពីថ្ងៃទី៣០ ខែមិថុនា ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់។
អ៊ីរ៉ង់បដិសេធការជាប់ពាក់ព័ន្ធនេះ និងនិយាយថា ការចោទប្រកាន់ប្រឆាំងនឹងអ្នកការទូតរបស់ខ្លួននេះគឺដើម្បីបំផ្លាញទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប៕ ដោយ៖ សុខា