រដ្ឋមន្ត្រីការបរទេស​អាមេរិក​ត្រូវ​ជួប​គីម ជុង​អ៊ុន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មី​

681
ចែករម្លែក

រដ្ឋមន្រ្តីការបរទេសអាមេរិក លោកម៉ៃ ផមផេវ នឹងធ្វើដំណើរទស្សនកិច្ចថ្មីនៅកូរ៉េខាងជើងនៅថ្ងៃអាទិត្យខាងមុខ ហើយនឹងជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅពេលក្តីសង្ឃឹមរបស់អាមេរិកស្តីពីការសំរេចកិច្ចព្រមព្រៀងរំសាយចោលសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះកើនឡើង។

ការប្រកាសជាមុនដ៏កម្រអំពីជំនួបជាមួយជនខ្លាំងវ័យក្មេងរូបនេះកើតឡើងនៅប៉ុន្មានម៉ោងក្រោយពីកូរ៉េខាងជើងបានដំឡើងថ្លៃចរចា ដោយបាននិយាយថាខ្លួននឹងមិនបោះបង់ចោលសព្វាវុធនុយក្លេអ៊ែរជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពមួយឡើយ។

រដ្ឋមន្រ្តីការបរទេស ផមផេវ (ឆ្វេង)ត្រៀមធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាលើកទី៤ ដើម្បីជួប គីម ជុងអ៊ុន

លោកផមផេវ ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសសម្ពន្ធមិត្តជប៉ុននិងកូរ៉េខាងត្បូង ព្រមទាំងទៅកាន់ប្រទេសជាសម្ពន្ធមិត្តដ៏ធំរបស់កូរ៉េខាងជើងគឺចិន ដែលអាមេរិកកំពុងមានជម្លោះពាណិជ្ជកម្មជាមួយ។

វានឹងជាដំណើរលើកទី៤របស់ផមផេវ ទៅកាន់កូរ៉េខាងជើង ខណៈដែលរដ្ឋការត្រាំសម្លឹងទៅរកការបញ្ចប់កម្មវិធីកាំជ្រួចផ្លោងនិងនុយក្លេអ៊ែររបស់ប្រទេសនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធឺ ណោអឺ បាននិយាយថា”ខ្ញុំគិតថាវាបង្ហាញដំណើរវិវឌ្ឍន៍និងកម្លាំងជំរុញទៅមុខដែលលោករដ្ឋមន្រ្តីនឹងធ្វើដំណើរលើកទី៤ទៅកាន់ទីនោះក្នុងរយៈពេលមិនដល់កន្លះឆ្នាំផង។គ្រប់គ្នាដឹងថាយើងមានផ្លូវមួយត្រូវទៅ និងការងារត្រូវធ្វើជាច្រើន។តែច្បាស់ណាស់ ការសន្ទនាទាំងនេះកំពុងស្ថិតលើផ្លូវត្រូវនិងយើងមានជំនឿចិត្តគ្រប់គ្រាន់ដើម្បីឡើងជិះយន្តហោះទៅកាន់ទីនោះជាថ្មីទៀតដើម្បីបន្តការសន្ទនា”។

ផមផេវបានជួបគីម២លើក រួមមានម្តងកាលពីលោកនៅជានាយកCIA តែក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយកាលពីខែកក្កដា លោកមិនបានជួបមេដឹកនាំកូរ៉េខាងជើងទេ នៅពេលលោកគីម បែរជាទៅទស្សនាចំការបន្លែទៅវិញ។ដំណើរទស្សនកិច្ចមួយទៀតរបស់ផមផេវ បានគ្រោងធ្វើនៅខែសីហាកន្លងទៅ តែត្រូវប្រធានាធិបតីត្រាំប្រកាសលុបចោលនៅនាទីចុងក្រោយ ដោយសំអាងថាមិនមានការជឿនលឿនគ្រប់គ្រាន់។

កាលពីថ្ងៃសៅរិ៍ទី២៩កញ្ញា កន្លងទៅ រដ្ឋមន្រ្តីការបរទេសកូរ៉រខាងជើងបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា មានការជាប់គាំងកិច្ចពិភាក្សាអំពីការរំសាយនុយក្លេអ៊ែរ ដោយសារអាមេរិក”ពឹងលើវិធានការបង្ខិតបង្ខំដែលសម្លាប់ការកសាងជំនឿចិត្ត”៕ដោយ៖វាសនា