រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកហីកូ ម៉ាអាស បានធ្វើកិច្ចចរចាកាលពីថ្ងៃចន្ទជាមួយសមភាគីអ៊ីរ៉ង់លោកចាវ៉ាដ ហ្សារីហ្វ ស្តីពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលលោកពណ៌នាថាមាន “សារៈសំខាន់វិសាមញ្ញ” សម្រាប់អឺរ៉ុប។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP និយាយថា អ្នកទាំងពីរនាក់បានចាប់ដៃគ្នានៅចំពោះមុខកាមេរ៉ាមុនពេលចាប់ផ្តើមកិច្ចប្រជុំបិទទ្វារនៅឯក្រសួងការបរទេសក្នុងទីក្រុងតេហេរ៉ង់។
លោកម៉ាអាសបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យទី៩មិថុនាបន្ទាប់ពីបានមកដល់ក្រុងតេហេរ៉ង់នៅជើងចុងក្រោយនៃដំណើរទស្សនកិច្ចក្នុងតំបន់ដែលបាននាំគាត់ទៅកាន់អ៊ីរ៉ាក់ ហ្ស៊កដានី និងអារ៉ាប់រួមអេមីរ៉ាត យ៉ាងដូច្នេះថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ “មានសារៈសំខាន់វិសាមញ្ញ” ចំពោះសន្តិសុខអឺរ៉ុប។ ប៉ុន្តែលោកបានបន្ថែមថា “យើងមិនចង់ឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេ”។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលគេស្គាល់ថា ផែនការសកម្មភាពរួមគ្នាគ្រប់ជ្រុងជ្រោយ (JCPOA) ត្រូវបានធ្វើឡើងរវាងអ៊ីរ៉ង់និងមហាអំណាចធំៗ ចំនួន៦គឺអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាម៉េរិកនៅឆ្នាំ២០១៥។
កិច្ចព្រមព្រៀងនេះបានធ្វើឱ្យអ៊ីរ៉ង់កាត់បន្ថយនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីជាថ្នូរនឹងការសម្រាលទណ្ឌកម្ម។ ប៉ុន្តែកាលពីឆ្នាំមុនសហរដ្ឋអាម៉េរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះហើយបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់សាជាថ្មី។
រដ្ឋាភិបាលក្រុងតេហេរ៉ង់បានទទូចដល់អឺរ៉ុបឱ្យប្រកាន់ខ្ជាប់ការសន្យាដែលបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងនេះនិងជួយអ៊ីរ៉ង់ដើម្បីបញ្ចៀសទណ្ឌកម្មរបស់អាម៉េរិក។ អ៊ីរ៉ង់ក៏បានគំរាមកាត់បន្ថយការសន្យារបស់ខ្លួនអំពីនុយក្លេអ៊ែរផងដែរ ប្រសិនបើផលប្រយោជន៍របស់ខ្លួនមិនត្រូវបានបំពេញ។
យោងតាមលោកម៉ាអាស ប្រទេសអាល្លឺម៉ង់និងដៃគូអឺរ៉ុបរបស់ខ្លួនបានខិតខំប្រឹងប្រែងដើម្បីបំពេញតាមការសន្យារបស់ខ្លួន។
លោកបានទទួលស្គាល់ថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់តេហេរ៉ង់ ដែលសង្ឃឹមទទួលបានពីកិច្ចព្រមព្រៀងនេះ ឥឡូវគឺពិបាកទទួលបានខ្លាំងណាស់ ប៉ុន្តែបានជំរុញឱ្យប្រទេសអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងឱ្យបានពេញលេញ។
លោកបាននិយាយថា វាគឺស្ថិតនៅក្នុង “ផលប្រយោជន៍នយោបាយនិងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ដើម្បីរក្សាកិច្ចព្រមព្រៀងនេះនិងកិច្ចពិភាក្សាជាមួយអឺរ៉ុប”៕ ដោយ៖ កញ្ញាដាលីស